ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន វឌ្ឍនភាពលើការងារផ្សព្វផ្សាយកសិកម្ម ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ជាមួយសាធារណៈរដ្ឋកូរ៉េ

វឌ្ឍនភាពលើការងារផ្សព្វផ្សាយកសិកម្ម ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ជាមួយសាធារណៈរដ្ឋកូរ៉េ

1. កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ លើការងារផ្សព្វផ្សាយបានចុះកិច្ចព្រមព្រៀងលើកំណត់ត្រា ពិភាក្សា (Record of Discussion) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ លើការអនុវត្តគម្រោងស្តីពី “ការគាំទ្រ ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅកម្ពុជា”(Support on Construction of Agriculture Technology Training Center in Cambodia)។ គម្រោងនេះទទួលបានជំនួយទឹកប្រាក់សរុបចំនួន៣ ៥០០ ០០០USD (បីលានប្រាំសែនដុល្លាអាមេរិក) មានរយៈពេល ៦០ខែ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ គម្រោងនេះអនុវត្ត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។ គោលបំណង របស់គម្រោងគឺ៖
 បណ្តុះបណ្តាលអ្នកឯកទេសកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសម្ភារបរិក្ខារប្រើប្រាស់ជំនួយក្នុងការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងផ្តល់ឱកាសការងារដល់អ្នកឯកទេសកសិកម្ម
 បង្កើនសមត្ថភាពកសិករក្នុងតំបន់តាមរយៈការផ្ទេរបច្ចេកវិទ្យាថ្មីៗ
 បង្កើនប្រាក់ចំណូលកសិករតាមរយៈការលើកកម្ពស់ផលិតភាព និងគុណភាពផលិតផលកសិកម្ម។
សកម្មភាពសំខាន់ៗ របស់គម្រោងមាន៖
១. ការងារសាងសង់ និងជួលជុលអាគារ នៅក្នុងមជ្ឈមណ្ឌល
២. ការគាំទ្រសម្ភារបរិក្ខាកសិកម្ម និងគ្រឿងយន្តកសិកម្ម
៣.ការកសាង និងបង្កើនសមត្ថភាពមន្ត្រី និងកសិករ
ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះការអនុវត្តគម្រោងទទួលបានលទ្ធផលដូចខាងក្រោម៖
១. ការងារសាងសង់ និងជួលជុលអាគារ និងការគាំទ្រសម្ភារបរិក្ខាកសិកម្ម និងម៉ាស៊ីនកសិកម្ម
– សាងសង់អគារស្នាក់នៅថ្មីចំនួន១ខ្នង កម្ពស់២ជាន់ រួមមានបន្ទប់ស្នាក់នៅ ផ្ទះបាយ ការិយាល័យ បណ្ណាល័យ សរុបចំនួន ២៤បន្ទប់ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីស្ថានទូតកូរ៉េប្រចាំនៅប្រទេសកម្ពុជា នាយកប្រតិបត្តិសាជីវកម្មសហគមន៍ ជនបទកូរ៉េ និងតំណាងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ផងដែរ
– ជួសជុល និងកែលម្អរ អគារបណ្តុះបណ្តាលកម្ពស់ ២ជាន់ មានចំនួន៦បន្ទប់
– ជួសជុល និងកែលម្អរបន្ថែមអាហារដ្ឋានចំនួន ១ខ្នង
– ជួសជុល និងកែលម្អរ អគារស្នាក់នៅបុគ្គលិកកម្ពស់២ជាន់ ចំនួន១ខ្នង
– ជួសជុលឃ្លាំងស្តុកសម្ភារកសិកម្ម ចំនួន ២ឃ្លាំង
– សាងសង់ផ្ទះសំណាញ់ចំនួន ១០ខ្នង
២. ការគាំទ្រសម្ភារបរិក្ខាកសិកម្ម និងគ្រឿងយន្តកសិកម្ម
– ត្រាក់ទ័រ ម៉ាស៊ីនស្ទូង ម៉ាស៊ីនពូនរង ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំ និងសម្ភារកសិកម្មមួយចំនួនទៀត
– បំពាក់សម្ភារបរិក្ខាប្រើប្រាស់ក្នុងអគារស្នាក់នៅ
– បំពាក់សម្ភារការិយាល័យក្នុងអគារបណ្តុះបណ្តាល
៣. ការកសាង និងបង្កើនសមត្ថភាពមន្ត្រី និងកសិករ
– ទស្សកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់គណប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា នៅសាធារណៈរដ្ឋកូរ៉េ លើប្រធានបទស្តីពី បច្ចេកទេសកសិកម្មទំនើបនិងការពង្រឹងការប្រកួតប្រជែង ធុរៈកិច្ច ថ្នាក់ពិភពលោក
– បណ្តុះបណ្តាលមន្ត្រីកសិកម្ម ឱ្យក្លាយជាគ្រូបង្គោល បានចំនួន៥០នាក់
– ពង្រឹងសមត្ថភាពមន្ត្រីកសិកម្ម លើបច្ចេកទេសកសិកម្មទំនើប ចំនួន១០នាក់នៅសាធារណរដ្ឋកូរ៉េ
– បណ្តុះបណ្តាលកសិករបានចំនួន១៥០នាក់ (ស្រី៣៥នាក់) លើបច្ចេកទេសកសិកម្ម ស្តីពីផលិតកម្មដំណាំ ស្រូវ និងផលិតកម្មដំណាំបន្លែ)
– ចងក្រង និងបោះពុម្ពឯកសារបច្ចេកទេសកសិកម្មចំនួន២០ ០០០ក្បាល (១.ផលិតកម្មដំណាំស្រូវ និងបច្ចេកទេស ក្រោយប្រមូលផល ២.សាកវប្បកម្ម ៣.ការធ្វើទីផ្សារកសិកម្ម ៤.ការផ្សព្វផ្សាយកសិកម្ម ៥.ការថែទាំ និងប្រើប្រាស់គ្រឿងយន្តកសិកម្ម)។
– កសិករ៩២ភាគរយ (៧០នៃ៧៥គ្រួសារ) ដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំបន្លែ បានអនុវត្តតាមបច្ចេកទេស ហើយផលិតបន្លែបានទិន្នផលជាមធ្យម ៦៣៦ គីឡូក្រាម លើផ្ទៃដី ជាមធ្យម ៦អា ក្នុងមួយគ្រួសារ (កសិករអាចដាំបន្លែបាន៣ដងក្នុង១ឆ្នាំ)។ កសិករអាចទទួលបានប្រាក់ចំណូលសរុបជាមធ្យមពី៦(ប្រាំមួយ)ទៅ១០ (ដប់)លានរៀល ក្នុងមួយឆ្នាំ ក្នុងមួយគ្រួសារ។ បន្លែដែលកសិករបានផលិតរួមមាន ខ្ទឹមស្លឹក ស្ពៃខៀវ សណ្តែកកួ ត្រសក់ ត្រឡាច ម្រះ និងឆៃថាវ ដែលជាផលិតផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
– កសិករ៩៥ភាគរយ (៧១នៃ៧៥គ្រួសារ) ដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មស្រូវ បានទទួលប្រាក់ចំណូលសរុបជាមធ្យមចំនួន៥(ប្រាំ) ទៅ៨(ប្រាំបី)លានរៀល ក្នុងមួយឆ្នាំ លើផ្ទៃដីជាមធ្យម១ហិកតា ក្នុងមួយគ្រួសារ ។
ក្នុងឆ្នាំ២០២១នេះគម្រោងមានទិសដៅបន្ត
– រៀបចំ និងដំណើរការវគ្គបណ្តុះបណ្តាលដល់កសិករស្តីពីផលិតកម្មបន្លែ
– រៀបចំដាំដុះដំណាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
– សហការបញ្ជូនកសិករទៅសិក្សាបន្ថែមពីបច្ចេកទេសដាំដំណាំបន្លែបែបទំនើបកម្មនៅសាធារណៈរដ្ឋកូរ៉េ

2. បន្ថែមលើគម្រោង “ការគាំទ្រការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅកម្ពុជា” ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ (Korea Rural Community Cooperation, KRC) បានចុះអនុស្សារណលើកំណត់ត្រានៃការពិភាក្សា(Record of Discussion)កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងការអនុវត្តគម្រោងស្តីពី “ការគាំទ្រមជ្ឈមណ្ឌលកសិកម្ម នៅខេត្តក្រចេះ ប្រទេសកម្ពុជា” (Supporting Agricultural Center in Kratie, Cambodia) ដែលទទួលបានទឹកប្រាក់ចំនួន ២ ៩០០ ០០០ដុល្លា (ពីរលានប្រាំបួនសែនដុល្លាសហរដ្ឋអាមេរិក)។ គម្រោងនេះមានរយពេល៤៨ខែ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ អនុវត្តនៅស្រុកចិត្របុរី ខេត្តក្រចេះ។ គម្រោងនេះមានគោលបំណង៖
 គាំទ្រការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម
 បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងផ្ទេរចំណេះដឹងដល់មន្រ្តី និងកសិករលើដំណាំដំឡូងមី ពោត និងផលិតកម្មដំណាំបន្លែ
 បង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករតាមរយៈការផ្ទេរបច្ចេកវិទ្យាកសិកម្ម ។
គម្រោងនឹងចាប់ផ្តើមអនុវត្តនៅឆមាសទី២ក្នុងឆ្នាំ២០២១នេះ លើសកម្មភាពដូចជា៖
១) ការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រួមមាន៖
 អគារគោលនៅចំកណ្តាល (Main building) កម្ពស់២ជាន់ចំនួន ០១ (មានបន្ទប់រៀនចំនួន០៤ បន្ទប់ពិសោធន៍ចំនួន០១ បន្ទប់ស្តុកគ្រាប់ពូជចំនួន០១ បណ្ណាល័យចំនួន០១ ព្រមទាំងបំពាក់គ្រឿងបរិក្ខាប្រើប្រាស់ និងសម្ភារការិយាល័យ
 អន្តេវាសិកដ្ឋានកម្ពស់២ជាន់ ចំនួន០១ អគារ និងមានបំពាក់សម្ភារគ្រប់បន្ទប់ (បន្ទប់ស្នាក់នៅចំនួន ១២បន្ទប់ និងបន្ទប់បោកគក់សម្លៀកបំពាក់ ចំនួន១បន្ទប់
 អាហារដ្ឋានចំនួន ០១ កម្ពស់១ជាន់ ដែលអាចទទួលសិក្ខាកាម និងភ្ញៀវបានចំនួន ៣០នាក់
 អគារស្នាក់នៅរបស់បុគ្គលិកចំនួន ០១ (មានបន្ទប់គេង ២ និងបន្ទប់ទទួលភ្ញៀវចំនួន ១)
 ឃ្លាំងទុកសម្ភារៈ ចំនួន ០១
 ប៉ុស្តសន្តិសុខ ចំនួន ០១
២) ការរៀបចំប្លង់ និងទីវាលសម្រាប់ការងារពិសោធន៍ និងផ្សព្វផ្សាយ៖
 ដំណាំដំឡូងមី លើផ្ទៃដីចំនួន០,៥ហិកតា
 ដំណាំបន្លែ លើផ្ទៃដីចំនួន០,៣ហិកតា
 ដំណាំពោត លើផ្ទៃដីចំនួន០,៨ហិកតា
 រៀបចំប្រព័ន្ធស្រោចស្រពសម្រាប់កសិដ្ឋាន
៣) ការផ្តល់នូវសម្ភារបរិក្ខា និងគ្រឿងយន្តកសិកម្ម៖
 ត្រាក់ទ័រ (50 HP) ចំនួន ១គ្រឿង
 គោយន្តភ្ជួរដី (10 HP) ចំនួន ២គ្រឿង
 ត្រាក់ទ័រតូច ចំនួន ២គ្រឿង
 ម៉ាស៊ីនសម្ងួតគ្រាប់ធញ្ញជាតិ (4 tons) ចំនួន ២គ្រឿង
 ម៉ាស៊ីនប្រលេះគ្រាប់ពោត (200- 400 kg/hr) ចំនួន ២គ្រឿង
 ម៉ាស៊ីនបាញ់ថ្នាំ ចំនួន ២គ្រឿង
៤) ការកសាង និងពង្រឹងសមត្ថភាពមន្ត្រី និងកសិករ
 គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាចំនួន ៨រូប នឹងទៅធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍លើការងារកសិកម្មទំនើបនៅប្រទេសកូរ៉េ
 បណ្តុះបណ្តាលមន្រ្តីឱ្យក្លាយជាគ្រូបង្គោលចំនួន៣០នាក់
 មន្ត្រីកសិកម្មចំនួន១០នាក់នឹងត្រូវបានទៅសិក្សារៀនសូត្រផ្លាស់ប្តូរបទពិសោធន៍បន្ថែមលើការធ្វើកសិកម្មទំនើបនៅសាធារណរដ្ឋកូរ៉េ
 បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកសិករនៅតំបន់គោលដៅ ចំនួនប្រមាណ ៥០០នាក់ លើផលិតកម្មដំណាំដឡូង ពោត និងបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុង និងក្រៅប្រទេស

3. ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ក៏បានស្វះស្វែងរកកិច្ចសហការ និងគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លើការងារផ្សព្វផ្សាយកសិកម្ម តាមរយៈការស្នើសុំគម្រោងស្តីពី “ការជំរុញការផ្សព្វផ្សាយបច្ចេកវិទ្យា កសិកម្មតាមប្រព័ន្ធឌីជីថល” (Promoting Digital Agricultural Technology) ក្នុងថវិកាចំនួនប្រមាណ ៧ (ប្រាំពីរ) លានដុល្លាអាមេរិក ដែលមានរយៈពេល០៥ឆ្នាំ (២០២៣-២០២៧។ គម្រោងនេះរៀបចំឡើងក្នុងគោលបំណង៖
១. ជំរុញការប្រើប្រាស់បច្ចេកវិទ្យាផ្សព្វផ្សាយកសិកម្មតាមប្រព័ន្ធឌីជីថល រៀបចំហេដ្ឋារចនាសម័្ពន្ធ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រសិទ្ធភាព
២. ពង្រឹងដំណើរការប្រព័ន្ធឌីជីថល និងអត្រាអ្នកទទួលបានចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការផ្សព្វផ្សាយកសិកម្ម
៣. ពង្រឹងសមត្ថភាពមន្រ្តីផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ លើបច្ចេកវិទ្យាឌីជីថល
សកម្មភាព និងលទ្ធផលសំខាន់ៗរបស់គម្រោងមានដូចជា៖
 បង្កើតកម្មវិធីក្នុងទូរស័ព្ទ (Mobile Application) សម្រាប់អ្នកប្រើប្រាស់ដើម្បីទទួលសេវាព័ត៌មានកសិកម្មដែលមានអត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធដូចជា អ្នកផលិត (កសិករ សហគមន៍កសិកម្ម) អ្នកជំនួញ អ្នកកែច្នៃ និងភ្នាក់ងារផ្សព្វផ្សាយ
 បង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍ (Community Learning Center) ចំនួន១០០ នៅក្នុងខេត្តគោលដៅទាំង១០ខេត្ត ដើម្បីផ្តល់នូវឱកាស និងជាកន្លែងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងព័ត៌មានផ្សេងៗរវាង កសិករ ភ្នាក់ងារផ្សព្វផ្សាយ មន្រ្តីបច្ចេកទេស
 បណ្តុះបណ្តាលភ្នាក់ងារផ្សព្វផ្សាយឃុំ ចំនួន២០០នាក់ បានក្លាយជាអ្នកជំនាញប្រើប្រាស់ប្រព័ន្ធផ្សាព្វផ្សាយឌីជីថល ដើម្បីផ្សព្វផ្សាយ និងគាំទ្របច្ចេកទេសដល់កសិករនៅក្នុងមណ្ឌលសិក្សាសហគមន៍
 បង្កើតមជ្ឈមណ្ឌលសិក្សាចល័ត ចំនួន១០ (Mobile Extension Clinic) ដែលអាចឱ្យកសិករមាន ឱកាសបានលើកឡើងនូវបញ្ហា និងដោះស្រាយបានភ្លាមៗពីអ្នកបច្ចេកទេសដែលទាក់ទង នឹងបច្ចេកទេស កសិកម្មដូចជា កត្តាដី ការប្រើប្រាស់ជី ការគ្រប់គ្រងកត្តាចង្រៃ ផលិតកម្មដំណាំបន្លែ ផលិតកម្មដំណាំស្រូវ ដំណាំឧស្សាហកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វជាដើម
 រៀបចំការផ្សាយផ្ទាល់( Q&A Live streaming) ចំនួន២៦០ដង នឹងរៀបចំឡើងដើម្បីផ្តល់ឱកាសដល់ កសិករ ផលិតករ និងអ្នកបច្ចេកទេសកសិកម្ម បានសាកសួរ និងដោះស្រាយបញ្ហា ទៅអ្នកជំនាញបច្ចេកទេសដំណាំបន្លែ ស្រូវ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងដំណាំឧស្សាហកម្ម ដែលកើតមានឡើងនៅក្នុងការងារកសិកម្ម
 រៀបចំស្ទូឌីយូសម្រាប់គាំទ្រដល់ការផលិតវីដែអូបច្ចេកទេសខ្លីៗ និងការផ្សាយផ្ទាល់តាមរយៈ បណ្តាញសង្គម
 ផលិតសម្ភារផ្សព្វផ្សាយ (ស្ពតវីដេអូ សៀវភៅបច្ចេកទេស ព្រឹត្តិបត្រ) លើប្រធានបទ ផលិតកម្មដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការស្វែងយល់ពីទីផ្សារកសិកម្ម និងការបទពិសោធន៍ល្អៗលើការងារកសិកម្ម។
 គាំទ្រដល់កសិករបង្ហាញចំនួន១០០នាក់ ក្នុងការអនុវត្តកសិកម្មវ៉ៃឆ្លាត (បំពាក់នូវបច្ចេកវិទ្យាទំនើបលើការស្រោចទឹក និងដាក់ជីដោយប្រើប្រព័ន្ធទូរស័ព្ទ) ដោយមិនប្រើប្រាស់សេវាអ៊ិនធើណេត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។