ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា

(ភ្នំពេញ) នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោកជំទាវត្រូវចប់បេសកកម្មកាទូតនៅកម្ពុជា។

ក្នុងជំនួបនោះ លោកជំទាវបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការកម្ពុជាទាំងអស់ដែលកន្លងមកតែងតែបានដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនចំពោះលោកជំទាវ។ លោកជំទាវ Eva Nguyen Binh បានគាត់សម្គាល់ឃើញថារយៈពេល០៤ឆ្នាំក្នុងបេសកកម្មកាទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានជួបពិភាក្សាជាមួយសម្ដេចតេជោ ជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់បានបង្ហាញពីភាពត្រង់ទៅត្រង់មក មានភាពបើកចំហរ មានភាពស្មោះត្រង់ ដែលទាំងនេះជាកត្តាសំខាន់ធ្វើឲ្យបេសកកម្មកាទូតរបស់លោកជំទាវមកកាន់កម្ពុជាបានទទួលជោគជ័យតាមការកំណត់ នោះគឺការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកជំទាវបានមានប្រសាសន៍បន្តថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ។ លោកជំទាវបានមានប្រសាសន៍បន្តថា នេះជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលបារាំងដូចជាវិស័យឯកជនបារាំងនៅបន្តជាមួយកម្ពុជា ចូលរួមចំណែកជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។ លោកជំទាវក៏បានបន្ថែមទៀតថា បារាំងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស វិស័យវប្បធម៌ និងការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោកជំទាវក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់ប្រជាជនកម្ពុជា និងជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសន្ដានចិត្ត ទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ Eva Nguyen Binh ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបំពេញបេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័របានដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។ សម្ដេចតេជោក៏បានជម្រាបជូនលោកជំទាវថា យុទ្ធសាស្ត្ររបស់កម្ពុជាគឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់គ្នាទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលនេះជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលតែងតែផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលបានជួយដល់ការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជា និងផ្ដល់ជាជំនួយហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ។

ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ Eva Nguyen Binh និងសូមជូនពរលោកជំទាវឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មរបស់លោកជំទាវជាបន្តបន្ទាប់ទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។