ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ÷បានបកស្រាយខុសពីការពិត ប្រាសចាកពីអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវនយោបាយកំណែទម្រង់ និងជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង និងការនាំចេញ

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រព័ត៌មានកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រួចមក ក្រសួងបានទទួលមតិយោបល់ពីអ្នកវិភាគ និងសាធារណជនមួយចំនួន ដោយបានបកស្រាយខុសពីការពិត ប្រាសចាកពីអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវនយោបាយកំណែទម្រង់ និងជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាបានសន្តិសុខស្បៀង និងការនាំចេញ ក្នុងដំណាក់កាលដ៏លំបាកបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងបរិការនេះ ខ្ញុំចង់ទាញអារម្មណ៍អ្នកវិភាគ និងសាធារណជន សូមមេត្តាស្រាវជ្រាវនូវអ្វីដែលជារបត់នយោបាយក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលលើអនុវិស័យជលផលកន្លងមក ដែលបានចាប់ផ្តើមពីការអនុវត្តវិមជ្ឈការមុនឆ្នាំ២០០៦ មកអនុវត្តការគ្រប់គ្រងវិស័យនេះតាមបែបមជ្ឈការវិញក្រោយឆ្នាំ ២០០៦ ហើយដោយពិនិត្យឃើញនូវភាពចាំបាច់ ប្រមុខររាជរដ្ឋាភិបាលបានសម្រេចធ្វើកំណែទម្រង់សាជាថ្មីម្តងទៀតក្នុងការធ្វើវិមជ្ឈការក្រោយឆ្នាំ២០១៦ ដោយត្រូវប្រគល់សិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ ជាពិសេសប្រគល់សិទ្ធិអំណាចជូនទៅឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្តជាអ្នកគ្រប់គ្រង និងដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ ដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន ដែលទាមទារពេលវេលាក្នុងការកសាង និងពង្រឹងសមត្ថភាពបន្ថែមទៀត។ ក្នុងករណីនេះគឺក្រសួងអាចអន្តរាគមន៍ លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ។
ការបាត់បង់ធនធានធម្មជាតិ កន្លងមកមានហេតុផលជាច្រើនដូចដែលខ្ញុំបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជាលក្ខណៈសត្យានុមត្តិ មិនមែនក្រសួងមិនបានធ្វើនិងដោះស្រាយនោះទេ ព្រោះអ្វីៗបានផ្តើមចេញពីដំណើរនៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុងនិងប្រជាជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងបណ្តាព្រែកនានា នៅតាមដងទន្លេជាដើម។ ដោយឡែកការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ។ នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលយើងបាននិងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួងជាបណ្តើរៗ ក្នុងនេះមានក្រសួង និងស្ថាបន ចំនួន ៧ ដែលមានការជាប់ទាក់ទងទៅនឹង៖
1) គោលនយោបាយនៃការត្រួតពិនិត្យ និងការបង់ពន្ធនៃការនាំចូល,
2) ការគ្រប់គ្រងទីផ្សារ និងការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅស្រុក,
3) ការគ្រប់គ្រងធនធានទឹក រួមទាំងព្រែក ស្ទឹង បឹងបួរ និងបឹងទន្លេសាប ហើយនឹងផ្គត់ផ្គង់ទឹកក្នុងការធ្វើវារីវប្បកម្ម,
4) ការជួយគាំទ្រ និងការលើកទឹកចិត្តក្នុងការកែឆ្នៃផលិតផលជលផល និងចំណី ប្រកបដោយការប្រគួតប្រជែងជាមួយប្រទេសជិតខាង
5) ការផ្តល់ឥណទាននិង
6) ការជួយគាំទ្រពីអាជ្ញាធរដែនដល់ការជួយគាំទ្រសកម្មភាពនានានៅនឹងមូលដ្ឋានផងដែរ។
បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០)បានប្រព្រឹត្តទៅ ទទួលបានវឌ្ឍនភាព ដោយមានសន្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖
 ២០១៥ ទទួលបាន ១៤៣ ១៤១ តោន
 ២០១៦ ទទួលបាន ១៧២ ៥០០ តោន
 ២០១៧ ទទួលបាន ២០៧ ៤៤៣ តោន
 ២០១៨ ទទួលបាន ២៥៤ ០៤៨ តោន
 ២០១៩ ទទួលបាន ៣០៧ ៤០៨ តោន
(មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម ២០,៦% ចាប់ពីឆ្នាំ២០១៥-២០១៩) និង
 នៅឆ្នាំ២០២០ កើនឡើងដល់ ៤០០ ៤០០ តោន មានកំណើន ៣០% ធៀបទៅនឹងឆ្នាំ២០១៩។
កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងពាក់ព័ន្ធ និងបងប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។
បន្ថែមលើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវវិធានការគោលនយោបាយជំរុញវារីវប្បកម្មឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងបងើ្កនផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។