ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន ÷តើប្រព័ន្ធ QR Code ភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា (Cambodia Good Agricultural Practices, CamGAP) ដែលបិទនៅលើផលិតផលមានសារៈប្រយោជន៍ដូចម្ត៉េចខ្លះចំពោះអ្នកទិញ?

តើប្រព័ន្ធ QR Code ភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា (Cambodia Good Agricultural
Practices, CamGAP) ដែលបិទនៅលើផលិតផលមានសារៈប្រយោជន៍ដូចម្ត៉េចខ្លះចំពោះអ្នកទិញ?

១- ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)៖
ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចក្នុងរយ:ពេលកន្លងមក ធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតភ្ជង់ជាសំខាន់លើគុណភាព និងសុវត្ថិភាពជាចំបង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជា ពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

ភ្ជាប់ទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាពលើផលិតផលបន្លែ និងផ្លែឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយកចិត្តទុកដាក់សហការអនុវត្តគោលការណ៍ និងរូបសញ្ញាជាតិនៃការអនុវត្ត CamGAP ដែលមានអគ្គនាយកដ្ឋានកសិកម្មជាអង្គភាពទទួលខុសត្រូវគ្រប់គ្រង និងផ្តល់វិញ្ញាបនបត្រ បញ្ជាក់នូវអនុលោមភាព ហើយដែលមាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ជាសេនាធិការដឹកនាំជំរុញ គាំទ្រ និងលើកទឹកចិត្តអនុវត្តផ្ទាល់ និងការសហការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្ត។ CamGAP ត្រូវបានក្រុមការងារជំនាញអាស៊ានវាយតម្លៃថាបានអនុលោមពេញលេញតាមវិធាននៃការអនុវត្តកសិកម្មល្អអាស៊ាន ដែលជាស្តង់ដារស្ម័គ្រចិត្តមួយត្រូវបានសហគមន៍សេដ្ឋកិច្ចអាស៊ានអនុម័តឱ្យប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្ម។ បច្ចុប្បន្ននេះ ការជំរុញការអនុវត្ត CamGAP មិនត្រឹមតែបាននិងកំពុងចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ការចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP បានក្លាយជាយន្តការបច្ចេកទេសដ៏សំខាន់មួយដើម្បីធានាឲ្យបាននូវការគោរពប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រូវច្បាស់លាស់តាមនិយាមសុវត្ថិភាពចំណីអាហារចំពោះប្រទេសនាំចូលកសិផលសំខាន់ៗរបស់កម្ពុជា។ ជាក់ស្តែង សម្រាប់ផលិតកម្មស្វាយ និងចេកអំបូងលឿង ការជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន សហគមន៍ និងម្ចាស់ចម្ការ ចុះបញ្ជីកសិដ្ឋានអនុវត្តតាម CamGAP គឺដើមចមយ៉ាងសំខាន់ជួយឲ្យការចរចាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទជាមួយភាគីចិន និងភាគីកូរ៉េ អំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារប្រទេសទាំងពីរសម្រេចទទួលបានជោគជ័យ។

២- ការប្រើប្រាស់ស្លាកសញ្ញា CamGAP៖
បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃ ព្រមទាំងការវិភាគសំណាកផលិតផលនៅមន្ទីរពិសោធន៍ ម្ចាស់ចម្ការ ឬកសិដ្ឋានដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីអនុលោមភាពតាមវិធាន CamGAP ពីអគ្គនាយកដ្ឋានកសិកម្ម អាចប្រើប្រាស់ស្លាកសញ្ញា CamGAP រួមជាមួយស្លាកសញ្ញាប្រព័ន្ធតាមដានប្រភពកសិផល (QR Code) បិទលើផលិតផលរបស់ខ្លួនបាន។ ប្រព័ន្ធQR Code ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានកសិកម្ម ជាប្រព័ន្ធសម្រាប់ធ្វើការតាមដានប្រភពកសិផលដែលទទួលបានការបញ្ជាក់ថាជាកសិផលរបស់ចម្ការ ឬកសិដ្ឋានដែលបានអនុវត្ត CamGAP។
ការប្រើប្រាស់ប្រព័ន្ធ QR Code ទៀតសោតអាចជួយធ្វើឲ្យអ្នកប្រើប្រាស់អាចកំណត់បាននូវផលិតផលដែលទទួលបានការពិនិត្យ និងបញ្ជាក់ត្រឹមត្រូវ ការក្លែងបន្លំរូបសញ្ញា ព្រមទាំងផ្តល់នូវសុក្រិតភាព តម្លាភាព និងបង្កើនភាពជឿជាក់លើផលិផលដែលមានបិទរូបសញ្ញាជាតិ CamGAP។ ម៉្យាងវិញទៀត តាមរយៈប្រព័ន្ធ QR Code នេះអ្នកបរិភោគ អាចដឹងពីប្រភពកសិផលច្បាស់លាស់ កសិករដាំដុះ និងទីតាំងចម្ការជាដើម។ សូមបញ្ជាក់បន្ថែមថាកសិផលចេញពីចម្ការ ឬពីកសិដ្ឋានដែលទទួលបានការចុះបញ្ជីជាចម្ការ ឬកសិដ្ឋានការអនុវត្តតាម CamGAP គឺមានស្លាកសញ្ញា CamGAP និង QR code បិទលើផលិតផលនោះ។

រាល់ការស្កែនលើ QR Code ដែលត្រឹមត្រូវនឹងភ្ជាប់មកប្រព័ន្ធទិន្ន័យរបស់អគ្គនាយកដ្ឋានកសិកម្ម (gap.gdacambodia.org) ហើយ QR Code ដែលត្រឹមត្រូវ គឺមានលេខកូដ និងកាលបរិច្ឆេទសុពលភាព QR Code នោះ ដែលអាយុកាលសុពលភាពនេះអាចប្រែប្រួលទៅតាមអាយុកាលប្រភេទបន្លែ ឬផ្លែឈើ។ ដូច្នេះរាល់ការស្កែន QR Code ទាំងឡាយណាដែលត្រឹមត្រូវនឹងបង្ហាញនូវផ្ទាំងព័ត៌មានដូចដែលបានបញ្ជាក់ខាងលើ ប៉ុន្តែរាល់ការស្កែន QR Code ដែលផុតសុពលភាពនឹងមិនបង្ហាញនូវព័ត៌មានទាំងនោះឡើយ តែជំនួសដោយ QR Code មិនត្រឹមត្រូវ ឬ Invalid QR Code។ ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញទាក់ទងទៅបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លេខ ០១២ ៣២៥ ៥៥៨។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។