ព័ត៌មានជាតិ

ព្រះមហាក្សត្រកោតសរសើរសម្តេចហេង សំរិន បានដឹកនាំរដ្ឋសភា អនុម័តច្បាប់ជាច្រើនបម្រើឧត្តមប្រយោជន៍ជាតិ

(ភ្នំពេញ) នៅក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំលើក ទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភាដោយព្រះអង្គ បានសម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើនដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បញ្ជាក់ថាថារដ្ឋសភាបានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងឡាយបានហ្មត់ចត់និងទាន់ពេលវេលាជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់មកនេះ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានកត់សម្គាល់ថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក ស្មុគស្មាញនាអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងសាហាវទូទាំងសកលលោកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ បានខិតខំយកកម្លាំងកាយចិត្ត ជាអាទិ៍ក្នុងឱកាសវិស្សមកាលកន្លងមកនេះ សុទ្ធតែបានចុះទៅមូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់ និងជួយដោះស្រាយរាល់ការលំបាកនិងរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្តេច បានរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងរាល់កិច្ចប្រតិបត្តិការដោះស្រាយ ទប់ស្កាត់ មានរួមទាំងការផ្សព្វផ្សាយរាល់វិធានការរបស់ក្រសួងសុខាភិបាលនិងការចាក់វ៉ាក់សំាងទៀតផង។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេលប្រមាណជា៣ខែមក។ នៅក្នុងសម័យប្រជុំព្រឹកនេះ មានរបៀបវារៈចំនួន៩ នៅក្នុងនោះមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបេក្ខភាព ប្រធានថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសប្រធានចាស់ដែលបានលាលែង ផងដែរ។

ព្រះរាជសារ ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានថ្លែអំគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បណ្តាប្រទេសជាមិត្ត ដៃគូអន្តរជាតិនានា ដែលបានរួមសហការយ៉ាងល្អ នៅក្នុងការខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានកោតសរសើរយ៉ាងក្រៃលែងចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងក្នុងការកៀរគរមូលនិធិនិងជំនួយវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។