ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យពង្រឹងការអនុវត្តវិធានក្រសួងសុខាភិបាល និងមិនអនុញ្ញាតឱ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈ

(ភ្នំពេញ) លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ។ អ្នកដែលប្រព្រឹត្តករណីនេះ ត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច យកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។

ការជំរុញរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំតាមរយៈ Video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដោយសារថា ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈនេះ នៅតែបន្តការរីករាលដាលមិនឈប់ឈរនូវឡើយ។ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់ ទាំងថ្ងៃ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ យើងក៏មិនអនុញ្ញាតឱ្យក្មេងស្ទាវជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម។ អ្នកដែលប្រព្រឹត្តករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច យកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។

លោកអភិបាលបន្តទៀតថា ៖ ការបណ្តែតបណ្តោយឱ្យមានការលួចបើកការ៉ាអូខេ ក្លឹបកំសាន្ត ហាងម៉ាស្យា ក្លឹបហាត់ប្រាណជាដើម នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះបានផ្ទុះឡើងនូវជំងឺកូវីដ-១៩ អភិបាលខណ្ឌត្រូវទទួលខុសត្រូវដោយខ្លួនឯង។

ក្នុងនោះដែរអាជ្ញាធរខណ្ឌបានលើកឡើងថា ជងឺកូវីដ-១៩ នៅតែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅតាមការដ្ឋានសំណង់ សិប្បកម្ម ដែលមានកម្មករ និងបុគ្គលិកក្រុមហ៊ុនឯកជន នៅទីនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌនឹងពង្រឹងការអនុវត្តវិធានការម៉ឺងម៉ាត់បំផុត ទៅតាមការណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ បន្ថែមទៀត។

ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ នៅភ្នំពេញ ប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួលការចាក់វ៉ាក់សាំងនូវឡើងទេ ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះស្រង់ស្ថិតិ និងស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ ថាតើហេតុអ្វីមកដល់ម៉ោងនេះហើយ ពួកគាត់នៅមិនទាន់បានចាក់វ៉ាក់សាំង។ លោកបន្តថា ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការចាក់វ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនានេះ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួលចាក់ វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីឱ្យក្រុមគ្រូពេទ្យយើង បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។