ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ អញ្ជើញជួបពិភាក្សាជាមួយប្រតិភូ អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក!

(ឧត្តរមានជ័យ) នារសៀលថ្ងៃសៅរ៍ទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ ក្នុងគោលបំណងពិនិត្យលើស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងតម្រូវការចាំបាច់បន្ថែម សំដៅធ្វើយ៉ាងទប់ស្កាត់ឲ្យខាងតែបាននូវការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ក្រោយពីបានស្ដាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្តរួច ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បន្ទាប់មក ឯកឧត្តមក៏បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើវិធានការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មីដែលតម្រូវឲ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង ដោយក្នុងនោះឯកឧត្តម ហ៊ុន ម៉ានិត ក៏បានស្នើឲ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការសម្ភារ បរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។