ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ÷គម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ -ការធ្វើឱ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា” ដែលទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ គម្រោងនេះ ត្រូវបានអនុវត្តសាកល្បងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រាប់វគ្គទី១ គឺចាប់ពីឆ្នាំ២០១៦ -២០១៨ និងវគ្គទី២ ពីឆ្នាំ២០២០-២០២១ នៅខេត្តគោលដៅចំនួន ៣ គឺខេត្តតាកែវ ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង។

គម្រោងមានគោលបំណងធ្វើការសិក្សាស្រាវជ្រាវដើម្បីស្វែងរកគំរូចិញ្ចឹមមាន់ជាលក្ខណគ្រួសារសមស្របមួយសំដៅលើនិរន្តរភាពផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ដែលអាចឱ្យកសិករចាប់យករបរចិញ្ចឹមមាន់ពូជក្នុងស្រុកជាអាជីពគ្រឹះរឹងមាំមួយសម្រាប់លើកកម្ពស់កម្រិតជីវភាពឲ្យបានល្អប្រសើរ តាមរយៈការអនុវត្តបច្ចេកទេសបង្ហាញសាមញ្ញ និងសមស្របមួយក្នុងបរិបទនៃការប្រែ ប្រួលអាកាសធាតុ។ ក្រៅពីជួយបណ្តុះបណ្តាលបច្ចេកទេសអំពីការចិញ្ចឹម ការផ្តល់ និងផ្សំចំណី ការថែទាំ ការបង្ការ និងការពារជំងឺសត្វ ការគ្រប់គ្រងផលិតកម្ម-សេវាកម្មសុខភាព និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លើសពីនេះ គម្រោងបានផ្តល់ទ្រុង (ទំហំ១២មx៤ម រៀបឥដ្ឋ ជញ្ជាំងសំណាញ់ លួសប្រក់សាំង្កសី) ពូជមាន់ចំនួន ៨៤ក្បាល (មេ ៧២) ទូភ្ញាស់ ០១គ្រឿង និងឧបករណ៍-សម្ភារៈមួយ ចំនួនទៀតសរុបថវិកាប្រមាណ១០លានរៀល/គ្រួសារ និងបានជួយរៀបចំទស្សនៈកិច្ចសិក្សាកន្លែងចិញ្ចឹមមាន់ដែលទទួលបានជោគជ័យ ដើម្បីចែករំឡេក និងផ្លាស់ប្តូរបទពិសោធន៍អំពីការ អនុវត្តទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។

លទ្ឋផលទទួលបាន៖

១. សាកល្បងអនុវត្តចិញ្ចឹមមាន់បង្ហាញ-មាន់ពូជក្នុងស្រុកបានចំនួន៤៥កន្លែង (ចំនួន១៥ កន្លែង/ខេត្ត) និងបន្តពង្រីកចំនួន១៥កន្លែងទៀតនាឆ្នាំ២០២១ (៥កន្លែង/ខេត្ត)។
២. ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន កសិករចំនួន ៨៩% (៤០គ្រួសារ/៤៥គ្រួសារ) នៅបន្តដំណើរការចិញ្ចឹមមាន់។
– ប្រាក់ចំណេញចាប់ពី ៣៧៥ ០០០-១២ ៧៥០ ០០០រៀល/ខែ (ចំនួននេះអាស្រ័យលើការយកចិត្តទុកដាក់ចិញ្ចឹម-ថែទាំ ការផ្សំចំណី និងការពង្រីកផលិតកម្ម)។
– កសិករជោគជ័យដែលទទួលប្រាក់ចំណេញគួរកត់សម្គាល់មានដូចជា៖

o លោក ជុង ឆៃលី (ខេត្តកំពង់ឆ្នាំង) អតីតយោធិនពិកា បច្ចុប្បន្នពង្រីកបានមេមាន់ចំនួន១៩៥ ក្បាល បា-៣៥ក្បាល ផលិតកូនមាន់បាន១៥០០ក្បាល/ខែ មាន មាន់សាច់ ១៧០ក្បាល រកប្រាក់ចំណូលសរុបប្រមាណ១០ ៣៩០ ០០០រៀល/ខែ។
o លោកស្រី ពុធ សុជា (ខេត្តត្បូងឃ្មុំ) បច្ចុប្បន្នពង្រីកបានមេមាន់ចំនួន៤០០ក្បាល បា-៧០ក្បាល ផលិតកូនមាន់បាន២០០០-២៥០០ក្បាល/ខែ រកប្រាក់ចំណូលសរុបប្រមាណ ១៤ ០០០ ០០០រៀល/ខែ ឬចំណេញប្រមាណ៨ ០០០ ០០០រៀល/ខែ។
o លោកស្រី កន ភិរម្យ (ខេត្តតាកែវ) បច្ចុប្បន្នពង្រីកបានមេមាន់ចំនួន៩៣ក្បាល បា-១៥ក្បាល ផលិតកូនមាន់បាន១៥០០ក្បាល/ខែ មានមាន់សាច់៥០០ក្បាល។ លោកស្រី កន ភីរម្យ នៅបានប្រមូល-ចងក្រងបណ្តុំអ្នកផលិតស៊ុត-ភ្ញាស់កូនមាន់ពូជ មានសមាជិកច្រើនជាង៨០គ្រួសារ ដែលរកប្រាក់ចំណេញសរុបប្រមាណ ១២ ៧៥០ ០០០រៀល/ខែ។ លោកស្រី កន ភិរម្យ មិនគ្រាន់ជាសហគ្រិនចិញ្ចឹម-ផលិតកូនមាន់ពូជប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងជាគ្រូបង្រៀនបច្ចេកទេសចិញ្ចឹមមាន់នៅមូលដ្ឋានទៀតផង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។