ព័ត៌មានជាតិ

ស្មារតីសាមគ្គីភាព ក្នុងនាមជាខ្មែរតែមួយ!

(ភ្នំពេញ) ÷ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការណែនាំចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាបានការគាំទ្រ ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំកងកម្លាំងចម្រុះរួមមាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងនគរបាលជាតិ កងពលតូចថ្មើរជើងលេខ៧០ សហការជាមួយកម្លាំងអាជ្ញាធរខណ្ឌក៏ដូចជាកម្លាំងប្រជាការពារ សរុបប្រមាណ៥០០នាក់ បានចុះ បោស លាងសម្អាតផ្ទះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបុរី VIP ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងបុរីទាំងមូល ដែលបានជម្លៀសទៅរស់នៅទីទួលសុវត្ថិភាពអស់មួយរយៈ និងទើបចូលមកកាន់លំនៅដ្ឋានវិញក្រោយពីទឹកស្រក ហើយមានការខូចខាតសម្ភារៈ ផ្ទះនិងផ្លូវថ្នល់ប្រឡាក់ភក់ជ្រាំ ប្រព័ន្ធលូមួយចំនួនត្រូវស្ទះ រួមជាមួយសម្រាមពាសពេញគ្រប់ទីកន្លែង។

ដោយឡែកនៅក្នុងយុទ្ធនាការជួយបោសលាងសម្អាតផ្ទះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធ ជូនដល់ប្រជាពលរដ្ឋ នាពេលនេះ អាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចូលរួមចំនួន២០០នាក់ និងសម្ភារៈ មាន ឡានទឹក ប៉ែល ចប បង្គី អំបោស ថង់ច្រកសម្រាមគ្រប់ដៃ រួមជាមួយកម្លាំងចម្រុះដ៏ទៃទៀតដូចខាងលើ យកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋប្រកបដោយស្មារតីសាមគ្គីភាព ក្នុងនាមជាខ្មែរតែមួយ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកអាហារសម្រន់មាននំប៉ាវ ភេសជ្ជៈប៉ូវកម្លាំង និងទឹកសុទ្ធ ចែកជូនក្រុមការងារ បរិភោគគ្រប់ៗគ្នា ដូចតាមទម្លាប់ដែលលោកតែងតែធ្វើក្នុងរយៈកាលកន្លងមក ប្រកបដោយមនោសញ្ចេតនា រីករាយស្និតស្នាល។

ក្រោយពេលបោសលាងសម្អាតចប់ បុរីទាំងមូលប្រែជាជ្រះស្អាតឡើងវិញ ហើយ ប្រជាពលរដ្ឋក៏សប្បាយចិត្តយ៉ាងខ្លាំងនិង បានថ្លែងការកោតសរសើរនិងអរគុណកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ជួយសង្គ្រោះនិងបម្រើពួកគាត់គ្រប់ពេលវេលា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។