ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ÷លទ្ធផលសម្រេចបាននូវផលិតកម្មជ័រកៅស៊ូនិងឈើកៅស៊ូ ក្នុងរយៈពេល៦ខែដើមឆ្នាំ និងការងារស្រាវជ្រាវដំណាំកៅស៊ូ

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លទ្ធផលសម្រេចបាននូវផលិតកម្មជ័រកៅស៊ូនិងឈើកៅស៊ូ ក្នុងរយៈពេល៦ខែដើមឆ្នាំ និងការងារស្រាវជ្រាវដំណាំកៅស៊ូ

I. ផលិតកម្មជ័រកៅស៊ូ និងឈើកៅស៊ូ

១. ផ្ទៃដីដាំដុះកៅស៊ូ
ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ១៦០ ហិកតា ដែលក្នុងនោះ៖ ផ្ទៃដីចៀរជ័រមានចំនួន ២៩២ ៥០០ ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១១ ៦៦០ ហិកតា ស្មើនឹង ២៨%។

២. ផលិតកម្ម
– ផលិតផលជ័រកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣០ ៦០០តោន បានកើនឡើងចំនួន ៤,៥៥២តោន ស្មើនឹង១៧,៤៧%ធៀបនឹងខែមុន និងបានកើនឡើងចំនួន២,៤៣៧តោន ស្មើនឹង៨,៦៥%ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។
– ផលិតផលជ័រកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣៣ ៣៦៧ តោន បានកើនឡើងចំនួន ៧ ២៧៨តោន ស្មើនឹង៥,៧៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
– ផលិតផលឈើកៅស៊ូសម្រេចបានប្រចាំខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៨៥ម៣ មានការកើនឡើង ១៨៩ម៣ ស្មើនឹង ៦៣.៨៥% ធៀបនឹងខែមុន។
– ផលិតផលឈើកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន៤.៣១៩ម៣។

៣.ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
 បរិមាណបញ្ចេញលក់ជ័រកៅស៊ូសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ២៩ ៧០០តោន បានកើនឡើងចំនួន៤ ៣៩៧តោន ស្មើនឹង១៧,៣៨%ធៀបនឹងខែមុន និងកើនឡើងចំនួន ៣ ៦៨០តោន ស្មើនឹង១៤,១៤% ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។
 បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣២ ១៧៤តោន បានកើនឡើងចំនួន ៨,៨៥៩តោន ស្មើនឹង៧,១៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។
 បរិមាណបញ្ចេញលក់ឈើកៅស៊ូសម្រេចបានក្នុងខែមិថុនា មានចំនួន៤ ៨៥ម៣ មានការកើនឡើង ១៨៩ម ស្មើនឹង ៦៣.៨៥% ធៀបនឹងខែមុន។
 បរិមាណបញ្ចេញលក់ឈើកៅស៊ូសរុបរយៈពេល៦ខែ សម្រេចបានចំនួន ៣.៦៦៣ម៣។

៤. តម្លៃជ័រកៅស៊ូ និងឈើកៅស៊ូ
 តម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ១.៦៨៥ដុល្លារ/តោន បានថយចុះចំនួន១៥ដុល្លារ/តោន ស្មើនឹង០.៨៦%ធៀបនឹងខែមុន និងបានកើនឡើងចំនួន៤១៩ដុល្លារ/តោន ស្មើនឹង៣៣,០៥%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
 តម្លៃលក់ជ័រកៅស៊ូមធ្យមសរុបរយៈពេល៦ខែ ថ្លៃ១.៦៧៧ដុល្លារ/តោន បានកើនឡើងចំនួន៣៧៤ដុល្លារ/តោន ស្មើនឹង២៨,៧២%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
 តម្លៃលក់ឈើកៅស៊ូមធ្យមក្នុងខែមិថុនា មានតម្លៃ ២៦៥ដុល្លា/ម៣ កើនឡើង ១០៥ដុល្លា/ម៣ ស្មើគ្នានឹង៦៥,៦២% ធៀបនឹងខែមុន។
 តម្លៃជ័រកៅស៊ូគ្រួសារនៅនឹងចម្ការ គឺទឹកជ័រ (DRC ១០០%)) ថ្លៃ៥.៨៥០ – ៦.៥០០៛/គ.ក្រ (បានកើនឡើងចំនួន២០៩៛/គ.ក្រ ធៀបនឹងខែមុន) និងជ័រកក (DRC ៥០%) ថ្លៃ ២.៥០០ – ៣ ៣០០៛/គ.ក្រ កើនឡើងចំនួន១៦៩៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់។

៥. ចំណូលពីការនាំចេញផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូ
 ចំណូលសរុបប្រចាំខែ មិថុនា ឆ្នាំ២០២១ មានចំនួន ៥០ ១៨៧ ៤៦៨ ដុល្លារ
– ចំណូលពីជ័រកៅស៊ូ ៖ ៥០ ០៥៨ ៧៦៨ដុលា្លរ
– ចំណូលពីឈើកៅស៊ូ ៖ ១២៨ ៧០០ដុល្លារ

 ចំណូលសរុបរយៈពេល៦ខែ(មករា-មិថុនា)ឆ្នាំ២០២១ សម្រេចបានចំនួន ២២២ ៤៣២ ៧៦២,៩៣ ដុល្លារ
– ចំណូលពីជ័រកៅស៊ូ ៖ ២២១ ៦៧៥ ៧៧០,០៩ដុលា្លរ
– ចំណូលពីឈើកៅស៊ូ ៖ ៧៥៦ ៩៩២,៨៤ដុលា្លរ ។

II. វឌ្ឍនភាពការងារស្រាវជ្រាវដំណាំកៅស៊ូ
វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (វ.ស.ក.ក.) ជាអង្គភាពជំនាញ មានតួនាទីនិងភារកិច្ច ដឹកនាំនិងសម្រេចរាល់សកម្មភាពស្រាវជ្រាវនិងពិសោធន៍ សំដៅជម្រុញការអភិវឌ្ឍលើគ្រប់ផ្នែកនៃដំណាំកៅស៊ូទូទៅ និងចូលរួមក្នុងរាល់សកម្មភាពនៃការជម្រុញផ្នែកបចេ្ចកទេសសុវឌ្ឍិកម្មនៃគុណភាពកៅស៊ូ និងតម្លៃផលិតកម្មកៅស៊ូ ត្រួតពិនិត្យគុណភាពកៅស៊ូនិងចេញវិញ្ញាបនបត្របញ្ចាក់ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងការបង្កើនផលិតភាពកៅស៊ូ វ.ស.ក.ក. បានយកចិត្តទុកដាក់ដល់៖
 ការស្រាវជ្រាវផ្នែកបង្កាត់ពូជកៅស៊ូ សំដៅបង្កើតក្លូនកៅស៊ូកម្ពុជាដែលមានសក្តានុពលបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ មានទិន្នផលខ្ពស់ និងលូតលាស់ល្អសមស្របនឹងលក្ខខណ្ឌបរិស្ថាននៃប្រទេសកម្ពុជា
 ការស្រាវជ្រាវផែ្នកសរីរវិទ្យានិងអាជីវកម្ម សំដៅអនុវត្តនូវវិធីសាស្ត្រប្រមូលផលទឹកជ័រប្រកបដោយប្រសិទ្ធភាព និងអស់ពីសក្តានុពលនៃក្លូនកៅស៊ូ ព្រមជាមួយនិងការរក្សាបាននូវចីរភាពនៃការប្រមូលផលផងដែរ និង
 ការស្រាវជ្រាវផ្នែកដាំដុះនិងការពារ សំដៅធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រដាំដុះ ការអនុវត្តកសិកម្មល្អ ការគ្រប់គ្រងជីជាតិដី បង្កើនប្រសិទ្ធភាពនៃចម្ការនិងការប្រើប្រាស់ដី បង្កើតនូវចំណូលបន្ថែមតាមរយ:ការធ្វើពិពិធកម្មកៅស៊ូជាមួយនិងប្រភេទដំណាំ និងរុក្ខជាតិផ្សេងទៀត ព្រមជាមួយគ្នានោះក៏មានការសិក្សាអំពីទំនាក់ទំនងរវាងការលូតលាស់ និងទិន្នផល រួមជាមួយនិងកត្តាអាកាសធាតុផងដែរ។ វ.ស.ក.ក. បានអនុវត្តនិងបន្តការងារស្រាវជ្រាវ ហើយនិងតាមដានទិន្នន័យចម្ការពិសោធន៍ ទាំងនៅក្នុងស្ថានីយ ទាំងនៅតាមបណ្តាក្រុមហ៊ុនចម្ការកៅស៊ូ សរុបមាន៦២ពិសោធន៍។

ទន្ទឹមគ្នានឹងការស្រាវជ្រាវ វ.ស.ក.ក. បានរួមចំណែកយ៉ាងធំធេងនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយការផ្ទេរបច្ចេកវិទ្យាដល់ប្រតិបត្តិករកៅស៊ូ និងបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការបង្ហាត់បង្រៀននិស្សិតនៅតាមគ្រឹះស្ថានសិក្សា និងការសម្របសម្រួលឱ្យនិស្សិតធ្វើទស្សនកិច្ចសិក្សាចម្ការពិសោធន៍ និងការដឹកនាំសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតមកពីគ្រឹះស្ថានបណ្តុះបណ្តាលមួយចំនួនដើម្បីបន្តវេនក្នុងការអភិវឌ្ឍដំណាំកៅស៊ូនាពេលអនាគត។

វ.ស.ក.ក. សូមបង្ហាញអំពីលទ្ឋផលនៃការពិសោធស្រាវជ្រាវសំខាន់ៗចំនួន២ដូចខាងក្រោម៖
១. ការបង្កើតក្លូនកៅស៊ូកម្ពុជា៖
ក្នុងគោលបំណងគឺដើម្បីបង្កើតក្លូនកៅស៊ូកម្ពុជាដែលមានសក្តានុពលបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ មានទិន្នផលខ្ពស់ និងលូតលាស់ល្អសមស្របនឹងលក្ខខណ្ឌបរិស្ថាននៃប្រទេសកម្ពុជា។ ការបង្កើតក្លូនកៅស៊ូកម្ពុជាបានចាប់ផ្តើមដំបូងនៅឆ្នាំ២០១១ ដោយការជ្រើសរើសគ្រាប់នៅប្លុកកៅស៊ូស៊ីដលីងដាំឆ្នាំ១៩២៤ នៅក្នុងបរិវេណចម្ការកៅស៊ូជុប។ គ្រាប់កៅស៊ូចំនួនជាង២០០០គ្រាប់ត្រូវបានជ្រើសរើសហើយធ្វើការបណ្តុះ និងដាំនៅក្នុងស្ថានីពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។ កូនកៅស៊ូស៊ីដលីងចំនួន ១២៣០ ត្រូវបានធ្វើការតាមដាន វាយតម្លៃអំពីការលូតលាស់ ជំងឺ ទិន្នផល និងលក្ខណៈសរីរទឹកជ័រ។ ជាលទ្ធផល សេណូទីប (genotype) ចំនួន២០ដែលបានជ្រើសចេញពីកូនស៊ីដលីងទាំងនោះ ត្រូវបានដាំនៅចម្ការពិសោធន៍ក្លូនទ្រង់ទ្រាយ តូច ដោយធ្វើការប្រៀបជាមួយបណ្តាក្លូនកស្សិណរួមមាន GT1, PB 260, RRIM 600 និង PB 217។ បន្ទាប់ពីការចៀរជ័រសាកល្បងរយៈពេល១០ខែ សេណូទីបចំនួន១២បានបង្ហាញអំពីការលូតលាស់ ទិន្នផល និងលក្ខណៈសរីរទឹកជ័រ(Suc, R-SH, Thiol…) ល្អជាងបណ្តាក្លូនកស្សិណ ហើយក្នុងនោះមានសេណូទីបចំនួន២បានបង្ហាញពីភាពល្អដាច់គេក្នុងចំណោមសេណូទីបទាំង១២។ នេះបញ្ជាក់ថាសេណូទីបទាំងនោះជាក្តីរំពឹងក្នុងការបង្កើត និងទទួលបានក្លូនកៅស៊ូកម្ពុជាដ៏ល្អនាពេលអនាគត។
២. ការប្រើប្រាស់ជីលើកៅស៊ូផ្តល់ផល៖
គោលបំណងនៃការពិសោធគឺវាយតម្លៃឥទ្ឋិពលនៃការប្រើប្រាស់ជីទៅលើការលូតលាស់ ទិន្នផលជ័រ និងគណនាប្រសិទ្ឋភាពសេដ្ឋកិច្ចនៃការប្រើប្រាស់ជីទៅលើកៅស៊ូផ្តល់ផល។ លទ្ធផលពិសោធន៍រយៈពេល៦ឆ្នាំដំបូងនៃការចៀរជ័របានបង្ហាញថា៖
 ការប្រើប្រាស់ជីមិនមានឥទ្ធិពលទៅលើការលូតលាស់ទំហំដើមកៅស៊ូ
 ទិន្នផលកៅស៊ូគិតជាក្រាមក្នុងមួយដើមនៃការប្រើជីមានការកើនឡើងក្នុងរង្វង់១០% បើប្រៀបធៀបទៅនឹង ការមិនប្រើជី
 ក្នុងករណីតម្លៃកៅស៊ូទាបជាង ១,២ដុល្លារ/គក្រ ការប្រើប្រាស់ជីលើកៅស៊ូផ្តល់ផលមិនមានប្រសិទ្ធភាពសេដ្ឋកិច្ចទេ ទោះបីការប្រើប្រាស់ជីក្នុងកំរិតណាក៏ដោយ ប៉ុន្តែវាអាចផ្តល់នូវសុខភាពដល់កៅស៊ូ និងអាចធន់នឹងជំងឺ
 ការប្រើប្រាស់ជីធ្វើឱ្យសរីរទឹកជ័រមានលក្ខណៈប្រសើរឡើងតិចតួច (Suc និង R-SH កើនឡើង)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។