ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ឲ្យមន្ដ្រូីពាក់ព័ន្ធចុះសំណេះសំណាលនិងចែកអំណោយជូនគ្រួសារខ្វះខាតក្នុងជីវភាពក្នុងអំឡុពេលឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងស្រុកបាធាយ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ បានចាត់ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ អមដំណើរដោយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញសំណេះសំណាល និងចែកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនគ្រួសារខ្វះខាតក្នុងជីវភាពក្នុងអំឡុពេលឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ចំនួន ៦៥០គ្រួសារ ក្នុងស្រុកបាធាយ។

នាឱកាសនោះ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបការលំបាក ជាពិសេស ក្នុងស្ថានភាពបិទខ្ទប់ភូមិ ដែលមិនអាចចេញទៅខាងក្រៅ រកទទួលទានបាន។ យ៉ាងណាម៉ិញ ដោយពិនិត្យឃើញបងប្អូន ដែលផ្ទុកមេរោគកូវីដ ១៩ ត្រូវយកទៅព្យាបាល ហើយក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កនោះ រដ្ឋបាលខេត្តកំពង់ចាម បានយកចិត្តទុកដាក់ គិតគូអំពីបញ្ហាជីវភាពរស់នៅ របស់បងប្អូន ដោយបានផ្តល់នូវសម្ភារៈ ជាឧបភោគបរិភោគនេះ សម្រាប់ជួយដោះស្រាយ បានមួយរយៈខ្លី ផងដែរ។ ជាក់ស្តែង នៅថ្ងៃនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់រូបឯកឧត្តម នាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនដែលកំពុងមានជីវភាពលំបាកក្នុងអំឡុងពេលឆ្លងរីករាលនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស មិនត្រូវចេញក្រៅពីតំបន់បិទខ្ទប់នេះ ជាដាច់ខាត ហើយត្រូវរក្សាឲ្យបាននូវអនាម័យជានិច្ច។ ក្រៅពីនោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស ការយកចិត្តទុកដាក់អនុវតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បី កាត់ផ្ដាច់ខ្សែចម្លង នៃជម្ងឺកូវីដ ដ៏កាចសាហាវនេះ ចូលទៅក្នុងសហគមន៍ ផងដែរ។

សូមបញ្ជាក់ថា អំណោយរដ្ឋបាលខេត្ត ដែលនាំចែកជូនប្រជាពលរដ្ឋទាំង ៣៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។