ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៤០០គ្រួសារនៅស្រុកស្រីសន្ធរ!

(កំពង់ចាម) ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណសាលាបឋមសិក្សាទួរី ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកស្រីសន្ធរ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៤០០គ្រួសារនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ ជាងនេះទៅទៀត សូមកុំភ្លេចបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ការពារ ៣កុំ ” ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង។

ឯកឧត្តម បានគូសបញ្ជាក់ថា នៅពេលខាងមុខ ប្រជាពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរនឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដូចបងប្អូននៅក្នុងក្រុង-ស្រុកចំនួន ០៥ដែលកំពុងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពិនេះឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា មេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិអនុភូមិ និងមន្ត្រីសុខាភិបាល គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការគ្រប់គ្រង ពលរដ្ឋ ចំណូលស្រុក ដើម្បីបញ្ជូនពួកគាត់ទៅ ធ្វើចត្តាឡីស័ក តាមការកំណត់ ហេីយក៏សូម ឲ្យបងប្អូន ប្រជាពលរដ្ឋ ចូលរួម ជាមួយតួរអង្គ ទាំង៤នេះ ដើម្បីដាក់ចេញ ជាសកម្មភាព មកភ្លាម ដឹងភ្លាម និងគ្រប់គ្រងទាន់សភាពការណ៍។

គួរបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត ដែលបានផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង៤០០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង មី ១ កេស៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។