ព័ត៌មានជាតិ

ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះដែលមានទាំងគុណភាពនិងសុវត្ថិភាពគ្រោងអនុវត្តឆាប់ៗនេះ

(ភ្នំពេញ) អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដើម្បីអោយដំណើរការនៃការព្យាបាលនៅតាមផ្ទះនេះ មានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជម្ងឺជាច្រើនលើសលុបចង់អោយមានការព្យាបាលតាមផ្ទះនេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ តាមរយ: Video Conference ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ។

លោក ង៉ូវ កាង បានលើកឡើងថា ក្នុងរយ:ពេល ២សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំងរហូតខ្វះកន្លែងទទួលអ្នកជម្ងឺ។ ដូច្នេះហើយ ទើបបង្កើតឱ្យមានជាការព្យាបាលជម្ងឺនៅតាមផ្ទះ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រងនិងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវ។

លោកថា អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តTYDA ដោយបង្កើតឲ្យមានទីបញ្ជាការស្រាល ១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលត្រូវការអោយជួយ
ដោយជំងឺកូវីដ-១៩ ពោលគឺនៅពេលមានបញ្ហាអ្វីមួយយើងជួយពួកគាត់ទាន់ពេលវេលា។

លោក កើត ឆែ លើកឡើងថា ការបន្តកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាអោយស៊ីសង្វាក់គ្នារវាងអាជ្ញាធរជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ថាតើការបង្កើតឱ្យមានការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្តជូនពួកគាត់បែបណា ដែលអាចឱ្យពួកគាត់ទទួលយកបាន។ លោកថា ក្រោយពីពិភាក្សាចប់ និងបន្តយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែលអាជ្ញាធរខណ្ឌ សង្កាត់ បានយល់ពីការងារនេះហើយ ក្រុមការងារនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឲ្យសាធារណជនបានយល់ដឹងជាសាធារណ:ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរផងដែរ។

គួរបញ្ជាក់ថា ការរៀបចំអោយមានការព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺប្រមាណជាង ៣០០នាក់ហើយដែលកំពុងសំរាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារអូឡាំពិក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។