ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានទទួលជួបលោកPeter Szijjartoរដ្ធមន្ដ្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី និងសហការីដើម្បីសម្ដែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនង

(ភ្នំពេញ) ÷នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១១:៣០ ព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជួត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។

ក្រោយពីឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូរួចមកលោក Peter Szijjarto បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនាពេលអនាគត។ ឯកឧត្តមបានបន្តថាវិស័យកសិកម្មហុងគ្រីបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចប្រមាណជា ៨% នៃ GDP។ ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសហុងគ្រី។ ចំពោះជំនួបដ៏មានសារសំខាន់នាពេលនេះ ឯកឧត្តមបានជម្រាបជូនថាកម្ពុជាមានវិស័យចំនួន ៣សំខាន់សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគតគឺទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ ទី២- វារីវប្បកម្ម ៣.ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ ទី៤- ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។ ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែងគឺជាអាទិភាពក្នុងដណើរទស្សនកិច្ចនេះផងដែរ។ ត្រង់ចំណុះនេះ ឯកឧត្តមបានជម្រាបជូនថាកន្លងមកហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សា ចំនួន ១៥នាក់រៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលហុងគ្រីកំពុងពិចារណាថានឹងបង្កើនចំនួនអាហារូបករណ៍នេះនៅឆ្នាំបន្ទាប់ ពិសេសលើវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើសុំឲ្យឯកឧត្តមរដ្ឋមន្រ្តីបញ្ជូននិស្សិតឲ្យទៅបន្តការសិក្សានៅហុងគ្រីនៅតាមជំនាញឲ្យបានច្រើន ដែលជាឱកាសសម្រាប់ការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និស្សិតនិងនិស្សិតឲ្យកាន់តែស្អិតរមួត និងរឹងមាំ ដែលនាំឲ្យទាំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបានកាន់តែរឹងមាំ។

មានប្រសាសន៍ស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម Peter Szijjarto និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងជាពិសេសបានអញ្ជើញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្ទាល់ដើម្បីធ្វើការពិភាក្សាទ្វេភាគីក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណ:ប្រតិភូអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជាសម្រាប់ធ្វើការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោ បាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩- ២០២៣ និងបរិយាកាសនៃការវិនិយោគលើវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនភ្ញៀវអំពីសក្តានុពលវិនិយោគលើផលិតកម្មដំណាំសម្រាប់ធ្វើការនាំចេញមានដូចជាដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន ១ ៨៣៩តោន និងថ្នាំជក់បាន ១១៨តោន។ ក៏ពិតថាតួលេខនេះនៅមានកម្រិតទាប ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសុទិដ្ឋិនិយមថាតាមរយ:ឯកឧត្តម Peter Szijjarto ក្នុងដំណើរទស្សនកិច្ចនេះ និងជា ពិសេសកិច្ចព្រមព្រៀងអនុស្សរណនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរនឹងត្រូវចុះ ហត្ថលេខានៅរសៀលថ្ងៃនេះ នឹងនាំមកនូវការអភិវឌ្ឍន៍ជាផ្លែផ្កាទ្វេឡើងលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មនាពេលអនាគត ហើយភាគីកម្ពុជានឹងរង់ចាំអនុវត្តខ្លឹមសារ MOU នេះឲ្យមាន ប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។ ចំពោះអាហារូបករណ៍ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជាឱកាសដ៏ល្អសម្រាប់និស្សិតខ្មែរទៅបន្តការសិក្សានៅហុងគ្រី ដើម្បីបង្កើនសមត្ថភាព និងបទពិសោធន៍លើវិស័យកសិកម្ម ដែលត្រូវពាំនាំមកនូវបច្ចេកវិទ្យាទំនើប ថ្មីៗដែលទទួលបានពីហុងគ្រីជូនដល់ដៃអ្នកផលិតផ្ទាល់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីហុងគ្រីជួយពិនិត្យ និងជំរុញគម្រោងសំខាន់ៗទាំង ៤ខាងលើឲ្យចាប់ដំណើរការក្នុងពេលឆាប់ៗខាងមុខ ហើយគួរត្រូវរៀបចំបង្កើតក្រុមការងារជំនាញដើម្បីពិនិត្យ វាយតម្លៃ និងអនុវត្តបន្ទាប់ពីចុះហត្ថលេខានៅរសៀលថ្ងៃនេះរួច។ ជាការឆ្លើយតប ឯកឧត្តម Peter Szijjarto បានឯកភាពថានឹងជំរុញការងារនេះឲ្យបានលឿន និងរលូនស្របសតាមសភាពការជាក់ស្តែង។

សូមអនុញ្ញាតជម្រាបជូនថា នៅវេលាម៉ោង ១៦:០០ រសៀលថ្ងៃដដែល នៅវិមានសន្តិភាពនឹងមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគជល់គ្នារវាងសាធារណរដ្ឋហុងគ្រី និងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្រ្តី។ ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឯកសារអនុស្សរណនៃការ យោគយល់គ្នាមួយដែលត្រូវចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន។ ខ្លឹមសារសំខាន់ៗនៃឯកសារនេះគឺបានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការលើ៖
១- ផលិតកម្មដំណាំ និងការអភិវឌ្ឍពូជដំណាំ
២- សុខភាពសត្វ និងផលិតកម្មសត្វ
៣- វិស័យជលផល និងវារីវប្បកម្ម
៤- ការជំរុញការធ្វើកសិ-ពាណិជ្ជកម្ម
៥- កិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ អនាម័យ និងភូតគាមអនាម័យ(SPS)
៦- ការការពារព្រៃ និងដាំឈើឡើងវិញ
៧- ការកែច្នៃផលិតផលកសិកម្ម និងទីផ្សារ
៨- ការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម
៩- បច្ចេកវិទ្យាកសិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍ
១០- ការផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបទពិសោធន៍ និង
១១- ជំរុញធ្វើឲ្យប្រសើរឡើងលើភាពជាដៃគូនៃការធ្វើកសិ-ពាណិជ្ជកម្ម។រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។