ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាពនៃការអនុវត្ត “ផលិតកម្មកសិកម្មតាមកិច្ចសន្យា” – Contract Farming

(ភ្នំពេញ) អនុក្រឹត្យលេខ៣៦ អនក្រ.បក ស្តីពី “ផលិតកម្មកសិកម្មតាមកិច្ចសន្យា Contract Farming” ត្រូវបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបានចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។ អនុក្រឹត្យនេះមានតួនាទីសំខាន់ជាស្ពានចម្លងរវាងអ្នកផលិត (កសិករ សហគមន៍ សមាគម ក្រុមហ៊ុនឯកជន) និងអ្នកបញ្ជាទិញ ដើម្បីធ្វើការសម្របសម្រួលឲ្យភាគីទាំងពីរធ្វើការសហការរួមគ្នាផលិតផលិតផលកសិកម្មតាមអ្វីដែលអ្នកបញ្ជាទិញចង់បានជាអាទិ៍៖ ប្រភេទដំណាំ បន្លែ ត្រី សត្វ និងផលិតផលកែច្នៃ ក្នុងបរិមាណកំណត់មួយ ធានាបានស្តង់ដារផលិត គុណភាព សុវត្ថិភាព តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់។ សំខាន់ជាងនេះ ភាគីបញ្ជាទិញអាចជួយឧបត្ថម្ភជាហិរញ្ញវត្ថុ ធាតុចូលកសិកម្ម និងការបណ្តុះបណ្តាលបច្ចេកទេសយោងតាមការចាំបាច់ និងតាមសំណើរបស់ភាគីផលិត។ អនុក្រឹត្យនេះផងដែរបានបង្កលក្ខណងាយស្រួលឲ្យភាគីទាំងពីរកសាងរួមគ្នានូវសុខដុមនីយកម្ម តម្លាភាព យុត្តិធម៌ ការទទួលខុសត្រូវ និងជំនឿទុកចិត្ត ដែលកត្តាទាំងអស់នេះបានកសាងរបាំងយុត្តិធម៌យ៉ាងរឹងមាំមួយសម្រាប់ទប់ ស្កាត់ លុបបំបាត់ និងដោះស្រាយនូវរាល់វិវាទដែលអាចកើតមានឡើងជាយថាហេតុក្នុងអំឡុង ពេលអនុវត្តកិច្ចសន្យា។ មិនតែប៉ុណ្ណោះ វាជាយន្តការយ៉ាងសំខាន់មួយក្នុងការជួយជំរុញផលិត ភាពផលិតកម្មកសិកម្មតាមរយ:ការរៀបចំផែនការផលិតច្បាស់លាស់ ការអនុវត្តបច្ចេកទេសកសិកម្មទំនើប ការប្រើប្រាស់ធាតុចូលកសិកម្មសមស្រប ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ និងបង្កើតបរិយាកាសវិនិយោគឲ្យកាន់តែល្អប្រសើរ។

ដោយបានពិនិត្យឃើញពីភាពចាំបាច់ក្នុងកិច្ចដំណើរការពេញលេញនៃខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម និងក្នុងគោលបំណងដាក់ឲ្យអនុវត្តន៍អនុក្រឹត្យលេខ៣៦ អនក្រ.បក ឲ្យប្រព្រឹត្តទៅបានរលូន ទូលំទូលាយ ល្អប្រសើរ និងទទួលបាន ជោគជ័យ ក្រសួងបានលើសំណើទៅប្រមុខរាជរដ្ឋាភិបាលដើម្បីបង្កើតគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ហើយត្រូវបានសម្រេចចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រធាន និងមាន ១៨ក្រសួង ស្ថាប័នជាសមាជិក។
តាមរយៈនៃការបង្កើតយន្តការសម្របសម្រួលអន្តរក្រសួង បានធ្វើឲ្យអ្នកពាក់ព័ន្ធទទួលបាន និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃការអនុវត្តកិច្ចសន្យានេះ ធ្វើឲ្យការអនុវត្តកិច្ចសន្យាកាន់តែផុលផុស ទូលំទូលាយ និងមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង នៅឆ្នាំ២០២០ មានកិច្ចសន្យាចំនួន ៩៣៦ ត្រូវបានអនុវត្តជាផ្លូវការ ក្នុងនោះមានសហគមន៍កសិកម្មចំនួន ២៩៣ សហគមន៍ ដែលគ្របដណ្តប់ទៅលើប្រភេទផលិតផលកសិកម្មជាច្រើនមុខដូចជា៖ ស្រូវពូជ ស្រូវសរីរាង្គ ស្រូវក្រអូប ស្រូវចំណី ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែក បាយ មាន់ស្រែ គោ ជ្រូក ដោយគ្រប់ដណ្តប់លើ ២២ខេត្ត។ ខាងក្រោមនេះ គឺជាតួលេខសរុបទៅតាមប្រភេទផលិតផលនីមួយៗដែលបានអនុវត្តកិច្ចសន្យា ៖
១- ផ្នែកដំណាំ ៖
– ផលិតកម្មដំណាំស្រូវមានចំនួន ១៥៦ ស្រូវក្រអូប ១០ និងស្រូវពូជ ២០
– អង្ករមានចំនួន ០១ និងចុងអង្ករ ០១
– ដំឡូងមីមានចំនួន ២៦ និងម្សៅដំឡូងមី ០១
– គ្រាប់ស្វាយចន្ទីមានចំនួន ០៩
– ពោតមានចំនួន ០៣
– ចេកមានចំនួន ០២
– ល្ពៅមានចំនួន ០១
– ម្រេចមានចំនួន ០២
– បន្លែមានចំនួន ៦១ ខ្ញី ០២ ខ្ទឹមស ០២ ក្រូចឆ្មា ០១ ទំពាំងផ្អែម ០២ និងឪឡឹក ០២
– បន្លែផ្លែឈើមានចំនួន ១២ ក្រូចពោធិ៍សាត់ ០១ និងក្រូចវល្លិ៍ ០១
– អំពៅមានចំនួន ០១
២- ផ្នែកសត្វ ៖
– គោមានចំនួន ០៥ ជ្រូក ២៣៥ មាន់សាច់ ២០៨ ទាកាប៉ា ០១ កូនមាន់ស្រែ ២៤
មាន់ស្រែ ៥៨ ស៊ុតមាន់ស្រែ ១៣ និងស៊ុតទាមានចំនួន ០២
៣- ផ្នែកត្រី ៖
– ត្រីមានចំនួន ០៥ និងកូនត្រីពូជគ្រប់ប្រភេទមានចំនួន ១៥
៤- ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ៖
– ការផ្គត់ផ្គង់ធាតុចូលកសិកម្មមានចំនួន ៥០ ជីធម្មជាតិ ០១
៥- ផលិតផលកែច្នៃ ៖
– ផលិតផលកែច្នៃមានចំនួន ០១ និងស្ករត្នោតមានចំនួន ០១។

សរុបទាំង ៥ ផ្នែកនេះមានចំនួន ៩៣៦កិច្ចសន្យា ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹម និងជឿជាក់ថាចំនួននេះនឹងកើនឡើងស្របទៅតាមបរិបទនៃការប្រកួតប្រជែងទីផ្សារដោយផ្តោតជាសំខាន់ទៅលើនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។