ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២១

បងប្អូនជនរួមជាតិជាទីគោរព!

នៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ដ្រី រដ្ធមន្ដ្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២១។

នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន១០២,៩៩៥គ្រឿង រួមមានម៉ូតូល្មើសចំនួន៧៧,៧៩៤គ្រឿង ក្នុងចំណោមនោះការល្មើសដោយសារមិនពាក់មួកសុវត្ថិភាពមាន៩០ភាគរយ សញ្ញាចរាចរណ៍៦ភាគរយ ផ្លាកលេខ២ភាគរយ ទូរស័ព្ទ២ភាគ និងបើកបរទាំងស្រវឹង១ភាគរយ។ រកឃើញរថយន្តល្មើសចំនួន ២៨,២០១គ្រឿង (រថយន្តធំជាង៦០០គ្រឿង) ហើយក្នុងចំណោមនោះរថយន្តល្មើសខ្សែក្រវ៉ាត៥២ភាគរយ ល្បឿន១៦ភាគរយ ទូរស័ព្ទ១០ភាគរយ សញ្ញាចរាចរណ៍៧ភាគរយ ផ្លាកលេខ៥ភាគរយ ល្មើសចំណុះ ៤ភាគរយ បណ្ណបើកបរ៤ភាគរយ ស្រវឹង១ភាគរយ ឆៀក១ភាគរយ និងអាជីវកម្ម១ភាគរយ។

នៅក្នងរយៈពេល១ឆមាសនេះដែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១២៦១លើក (ជាង៥០ភាគរយកើតឡើងពេលយប់) បណ្ដាលឱ្យស្លាប់មនុស្ស២០៩នាក់ និងរបួស ១៧៩២នាក់ ក្នុងនោះរបួសធ្ងន់១០៤៦នាក់។ តួលេខនេះ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ក្នុងនោះស្លាប់១៥២នាក់ ស្មើនឹង១៨ភាគរយ និងរបួសថយ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ មូលហេតុនៃគ្រោះថ្នាក់ គឺពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។

សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើន គឺរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់៣៤០លើក ខេត្តកណ្តាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ ចំណែកគ្រោះថ្នាក់រថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឱ្យកម្មកររបួសសរុបចំនួន២៧៦នាក់។ បញ្ហាប្រឈម គឺបទល្មើសមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ និងល្មើសល្បឿននៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះដែលស្លាប់មាន៧៨ភាគរយជាអ្នកជិះម៉ូតូ និង៦៩ភាគរយមិនពាក់មួកសុវត្ថិភាព។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវជនរួមជាតិទាំងអស់ សូមប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។ បើស្រលាញ់អាយុជីវិតអ្នក និងក្រុមគ្រួសារអ្នក ព្រមទាំងគោរពជីវិត និងសេចក្ដីសុខអ្នកដទៃ សូមរួមគ្នាគោរពច្បាប់ឱ្យបានល្អ។ នៅពេលយើងគ្រប់គ្នាគោរពច្បាប់បានល្អ នោះនឹងធ្វើឱ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសយើងមានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ។

ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!

ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព!

បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់!

គោរពសញ្ញាចរាចរណ៍ បើកបរសុវត្ថិភាព!

សូមអរគុណ!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។