ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សូមចូលរួមអបអរសាទរ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ “មេគង្គកំពង់ចាម” ដែលសម្រាលកូនភ្លោះមួយករណី និងសម្រាលកូនដោយវះកាត់ពីរករណី ដោយជោគជ័យខណៈដែលមាតាទារក កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩!

(កំពង់ចាម) ជាក់ស្តែងនៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២១នេះ ដោយបានការយកចិត្តទុកដាក់ខ្ពស់អំពីសុខមាលរបស់ប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តែងតែបានណែនាំ និងផ្តល់ការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យយើងឲ្យប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និង ក្រមសីលធម៌ជាក្រុមគ្រូពេទ្យ។ ហើយថ្ងៃនេះផងដែរក្រុមគ្រូពេទ្យសម្រាលកូនភ្លោះបានមួយករណី និងសម្រាលកូនដោយវះកាត់ពីរករណី ដែលមាតាទារកទាំង ០៤នាក់ កំពុងសម្រាកព្យាបាលជម្ងឺកូវីដ ១៩ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ។
យោងរបាយការណ៍ពីក្រុមគ្រូពេទ្យឲ្យដឹងថា ស្រ្តីទាំង ០៣នាក់នោះ រួមមាន ៖

១.ឈ្មោះ ងួន គីមស្រ៊ីន អាយុ ២៣ឆ្នាំ នៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បានសម្រាលកូនភ្លោះ ០២នាក់ នៅវេលាម៉ោង ១០.០០នាទី ដោយទទួលបានកូនស្រីទាំង ២នាក់ ម្នាក់មាន ទម្ងន់ ១.៥០០ក្រាម និងម្នាក់ទៀត មានទម្ងន់ ១.៨០០ក្រាម ។

២.ឈ្មោះ សូ ស្រីណែត អាយុ ១៨ឆ្នាំ នៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានសម្រាលកូនដោយវះកាត់ ដោយទទួលបានកូនស្រីម្នាក់ ទម្ងន់ ៣.១០០ក្រាម ។

៣.ឈ្មោះ ខូវ ឆវី អាយុ ៣៧ឆ្នាំ បានសម្រាលកូនដោយវះកាត់បាន កូនប្រុសម្នាក់ មានទម្ងន់ ៣.០០០ក្រាម ។
តាមការអះអាង របស់ក្រុមគ្រួពេទ្យថា បច្ចុប្បន្នទាំងម្ដាយ និងទារក គឺមានសុខភាព ធម្មតាទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។