ព័ត៌មានជាតិ

៉ឯកឧត្តម វេង សាខុន បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade, ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ conference

(ភ្នំពេញ) ថ្ងៃអង្គារ៍ ៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade, ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ conference។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវឯកអគ្គរដ្ឋទូតដែលបានមកបំពេញបេសកកម្មការទូតថ្មីនៅកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីជួបពិភាក្សាការងារក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងឥណ្ឌា ជាពិសេសក្នុងវិស័យកសិកម្ម។ លោកជំទាវបានគូសបញ្ជាក់ពីការផ្តល់នូវថវិកាជំនួយបច្ចេកទេសក្នុងកម្មវិធី Quick Impact Project និងស្នើអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំនូវគម្រោងស្នើសុំផ្សេងៗដែលមានថវិកា ៥០ ០០០ ដុល្លារក្នុងគម្រោងនិមួយៗ។ លោកជំទាវក៏បញ្ជាក់ផងដែរអំពីកម្មវិធីពង្រឹងសមត្ថភាពរបស់ឥណ្ឌា និងស្នើអោយក្រសួងកសិកម្មបញ្ជូនមន្ត្រីបច្ចេកទេសដើម្បីចូលរួមអោយបានច្រើន។ លោកជំទាវបានជម្រាបផងដែរអំពីកិច្ចសហប្រតិបត្តិការពហុភាគីរវាងអាស៊ាន និងឥណ្ឌា ដោយបានបង្កើតនូវមូលនិធិអាស៊ាន ឥណ្ឌា ដែលប្រទេសកម្ពុជាក៏អាចលើកនូវគម្រោងវិនិយោគផ្សេងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនៃមូលនិធិអាស៊ានឥណ្ឌា។ លោកជំទាវស្នើសុំអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយជំរុញ និងសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឯកជនឥណ្ឌាដែលបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោកជំទាវដែលបានបន្តជួយជ្រោមជ្រែងដល់វិស័យកសិកម្ម និងផ្តល់ឳកាសដល់ក្រសួងដើម្បីស្នើសុំថវិការអនុវត្តគម្រោង Quick Impact Project និងគម្រោងវិនិយោគក្នុងវិស័យកសិកម្មក្នុងក្របខ័ណ្ឌមូលនិធិអាស៊ានឥណ្ឌា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើអោយលោកជំទាវជួយដល់កម្ពុជានូវបច្ចេកទេសថ្មីៗដូចជា Soil Health Card និងបច្ចេកវិជ្ជាកសិកម្មទំនើបៗផងដែរ និងសូមអោយជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសការជំរុញការធ្វើពាណិជ្ចកម្មក្នុងវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចាត់លោកប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិដើម្បីទំនាក់ទំនងជាមួយស្ថានទូតដើម្បីជំរុញនូវការរៀបចំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២អោយបានដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។

លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រទាំងស្រុងដល់ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងឯកភាពនឹងចាត់អោយមន្ត្រីស្ថានទូតសហការជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិដើម្បីធ្វើយ៉ាងណាអោយកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរទោះជាក្នុងពេលដ៏លំបាកដោយវិបត្តិកូវិដ១៩ក្តី តែយើងអាចជួបគ្នាជាប្រចាំតាមរយៈកិច្ចប្រជុំពិភាក្សារ online ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឥណ្ឌា និងពិសេសស្នើសុំអោយឥណ្ឌាជួយដល់វិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជាផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។