ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (Project for Rice Seed Production and Promotion, RSPP)”

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញអង្ករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងអនុវត្តគោលនយោបាយកែលម្អ និងលើកកម្ពស់គុណភាពគ្រាប់ពូជស្រូវ ធានាបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច កាត់បន្ថយការនាំចូល ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការនៅថ្នាក់ជាតិ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តជាកម្លាំងស្នូល ដ៏រឹងមាំក្នុងការអនុវត្តគោលនយោបាយនេះនៅថ្នាក់ក្រោមជាតិ។ ព្រមជាមួយគ្នា ក្រសួងរួមជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងសមាគមកសិកម្ម សហការអនុវត្តគោលនយោបាយនេះតាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាផលិត ការជ្រើសរើស និងបន្សុធពូជ ការប្រមូលផល ការថែរក្សាទុកដាក់ ការងារផ្សព្វផ្សាយ និងការធ្វើធុរកិច្ច ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាទាក់ទងផលិតកម្មគ្រាប់ពូជស្រូវ។

អនុវត្តតាមគោលនយោបាយពូជដំណាំជាតិ អគ្គនាយកដ្ឋានកសិកម្មបានសហការបង្កើតគម្រោងមួយមានឈ្មោះថា “ការជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP)” ដោយបានចុះ MOU រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយទីភ្នាក់ងារ JICA កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានរយៈពេល ៥ឆ្នាំ (២០១៧-២០២២) អនុវត្តដោយនាយកដ្ឋានដំណាំ ស្រូវ នាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្នុងខេត្តគោលដៅចំនួន៤ (ព្រៃវែង តាកែវ កំពង់ឆ្នាំង និងបាត់ដំបង)។ គម្រោងមានគោលបំណងសំខាន់ពីរគឺ៖
១. ពង្រីកសក្តានុពលផលិតកម្មគ្រាប់ពូជស្រូវមានគុណភាពល្អ និង
២. ជំរុញកសិករឲ្យប្រើប្រាស់គ្រាប់ពូជស្រូវមានគុណភាពល្អដើម្បីបង្កើនផលិតកម្មស្រូវនៅទូទាំងប្រទេស។ សកម្មភាពសំខាន់ៗរបស់គម្រោង រួមមាន៖
 ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់កណ្តាល ថ្នាក់ខេត្ត និងសហគមន៍កសិកម្មផលិតគ្រាប់ពូជស្រូវ លើការងារបច្ចេកទេស ការគ្រប់គ្រងធុរកិច្ចគ្រាប់ពូជស្រូវ វិធីសាស្រ្តត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវ និងការបញ្ជាក់វិញ្ញាបនបត្រ និង
 ជំរុញការធ្វើធុរកិច្ចគ្រាប់ពូជស្រូវ

គិតមកត្រឹម ៦ខែដើមឆ្នាំ២០២១ គម្រោងសម្រេចទទួលបានលទ្ធផលមួយចំនួនដូចខាងក្រោម៖

 មន្ត្រីបច្ចេកទេសទទួលបានការបណ្តុះបណ្តាលអំពី “ផលិតកម្មគ្រាប់ពូជស្រូវ”
 បង្កើតបានប្រព័ន្ធធានាគុណភាពពូជដំណាំសម្រាប់ផលិតកម្ម និងធុរកិច្ចគ្រាប់ពូជស្រូវ ហៅថាកាត់ ប.គ.ព ក្នុងនោះមានទាំងស្តង់ដារបច្ចេកទេសផលិតកម្ម ស្តង់ដារគុណភាពផលិតកម្មទីវាល និងការវាយតម្លៃគុណភាពគ្រាប់ពូជស្រូវនៅមន្ទីរពិសោធន៍ ក្រោមកិច្ចសហការជាមួយអង្គការ CAVAC គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) និងអង្គការ IRRI
 មានសហគមន៍កសិកម្មចំនួន០៤ ក្នុងខេត្តគោលដៅទាំង០៤ បាននិងកំពុងផលិត និងធ្វើ ធុរកិច្ចគ្រាប់ពូជស្រូវតាម ប.គ.ព
 សហគមន៍កសិកម្មបាភ្នំមានជ័យ (ខេត្តព្រៃវែង) បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រផលិតកម្ម និងធុរកិច្ចគ្រាប់ពូជតាម ប.គ.ព។ គិតចាប់ពីខែវិច្ឆិកាឆ្នាំ២០១៩ ដល់ខែមិថុនាឆ្នាំ២០២១ សហគមន៍ ផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រប្រភេទពូជសែនក្រអូប និងពូជផ្ការំដួល សរុបបានចំនួន ២២៦តោន ជាគ្រាប់ពូជសម្រេច និងបានធ្វើតេស្តគុណភាពជាប់តាមស្តង់ដារ ប.គ.ព ហើយបញ្ចេញលក់បានចំនួន ២០៧តោន។ សហគមន៍ មានសមត្ថភាពផលិតគ្រាប់ពូជ ស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រលើសពីចំនួន ៣០០តោន/ឆ្នាំ ដោយសារមានហេដ្ឋារចនាសម្ព័ន្ធ កែច្នៃគ្រប់គ្រាន់ មានឃ្លាំងស្តុកគ្រាប់ពូជ(ស្តុកបាន ៣០០តោន) លានហាលសម្ងួត (ទំហំ ៣៧០ម២) និងម៉ាស៊ីនសម្អាតគ្រាប់ពូជទំនើបដែលផ្តល់ដោយគម្រោង និងមានប្រព័ន្ធស្រោច ស្រពសម្រាប់ផលិតកម្មទីវាល។ លើសពីនេះសហគមន៍មានសមាជិកផលិតគ្រាប់ពូជស្រូវដែលមានសមត្ថភាពដោយទទួលបានការបណ្តុះបណ្តាលពី ប.គ.ព និងបានសហការយ៉ាងជិតស្និតជាមួយ CARDI ដើម្បីទទួលបានគ្រាប់ពូជចំណាត់ថ្នាក់ពូជសុទ្ធគ្រឹះ និងគ្រាប់ពូជចំណាត់ថ្នាក់ចុះបញ្ជីផងដែរ។
 សហគមន៍កសិកម្មអូរសារាយ (ខេត្តតាកែវ) បានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រផលិតកម្ម និងធុរកិច្ចគ្រាប់ពូជតាម ប.គ.ព មកអគ្គនាយកដ្ឋានកសិកម្ម។ គិតចាប់ពីខែវិច្ឆកា ឆ្នាំ២០២០- ដល់ខែមិថុនា ឆ្នាំ២០២១ សហគមន៍ផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រប្រភេទពូជសែនក្រអូប និងពូជផ្ការំដួល សរុបបានចំនួនជាង ៦៨តោន ជាគ្រាប់ពូជសម្រេច និងបានធ្វើតេស្តគុណភាពជាប់តាមស្តង់ដារ ប.គ.ព និងបញ្ចេញលក់សរុបបានចំនួន ៥១តោន។ ដោយសារ សហគមន៍មានហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងកែច្នៃគ្រប់គ្រាន់ដែលផ្តល់ដោយគម្រោង RSPP សហគមន៍មានសមត្ថភាពផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្របានចំនួនជាង ២០០តោន/ឆ្នាំ។
 សហគមន៍កសិកម្មខេមស៊ីដពេជចង្វារ (ខេត្តកំពង់ឆ្នាំង) ទើបចាប់ផ្តើមអនុវត្តគម្រោងក្នុងឆ្នាំ២០២១។ សហគមន៍មានបទពិសោធន៍ច្រើនឆ្នាំក្នុងការផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជី និងចំណាត់ថ្នាក់វិញ្ញាបនបត្រច្រើនប្រភេទ រហូតដល់ចំនួនជាង ៥០០តោន/ឆ្នាំ។ សហគមន៍មានហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងកែច្នៃគ្រាប់ពូជគ្រប់គ្រាន់ក្នុងការបម្រើឲ្យធុរកិច្ចរបស់ខ្លួន ។
 សហគមន៍កសិកម្មចម្រើនផលរាំងកេសី (ខេត្តបាត់ដំបង) បាននិងកំពុងចាប់ផ្តើមការងារផលិតកម្មគ្រាប់ពូជស្រូវចំណាត់ថ្នាក់វិញ្ញាបនបត្រប្រភេទពូជសែនក្រអូប។ ផ្ទៃដី និងប្រព័ន្ធស្រោចស្រពអំណោយផលល្អ សហគមន៍មានសមត្ថភាពផលិតគ្រាប់ពូជស្រូវចំនួនជាង ៥០០ តោន/ឆ្នាំ។ បច្ចុប្បន្ន សហគមន៍ផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវជូនសមាជិកផ្ទាល់តែប៉ុណ្ណោះ សម្រាប់ផលិតជាស្រូវចំណីផ្គត់ផ្គង់ឲ្យក្រុមហ៊ុនអេមរូរៃយ៍។ ក្រោមការជួយជ្រោមជ្រែងពីគម្រោងសហគមន៍នឹងពង្រីកសក្តានុពលទីផ្សាររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ។
 សហគមន៍កសិកម្មទាំង០៤ បានផ្សារភ្ជាប់ទីផ្សារជាមួយអ្នកបញ្ជាទិញគ្រាប់ពូជស្រូវរោងម៉ា ស៊ីនស្រូវ សហគមន៍ផលិតស្រូវចំណីតាមកិច្ចសន្យា និងអ្នកលក់គ្រាប់ពូជស្រូវ តាមរយៈវេទិកាធុរកិច្ចគ្រាប់ពូជស្រូវ (មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩) និងតាមរយៈប្រព័ន្ធតេឡេក្រាម ដែលរៀបចំឡើងដោយគម្រោង RSPP។
 ដើម្បីធានាគុណភាពគ្រាប់ពូជស្រូវ និងបញ្ចៀសការក្លែងបន្លំក្នុងក្របខណ្ឌគម្រោង RSPP អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយកម្មវិធី CAVAC ដើម្បីបង្កើតនិមិត្តសញ្ញា និងស្លាកសម្គាល់ ប.គ.ព សម្រាប់បិទលើសម្បកវេចខ្ចប់គ្រាប់ពូជស្រូវនាពេលខាងមុខ។ រាល់ផលិតផលគ្រាប់ពូជស្រូវស្របតាមស្តង់ដារ ប.គ.ព ទាំងអស់នឹងត្រូវបិទស្លាកសញ្ញា ដើម្បីធានាភាពស្រប ច្បាប់ និងគុណភាពគ្រាប់ពូជស្រូវ។

កសិករ ឬសហគមន៍ណាមានបំណងជាវគ្រាប់ពូជស្រូវសុទ្ធល្អ សូមអញ្ជើញទាក់ទង ៖
១. សហគមន៍កសិកម្មបាភ្នំមានជ័យ លោក ឃុន សាអែម លេខទូរស័ព្ទ ០១៦ ៥៥០ ២២៨
២. សហគមន៍កសិកម្មអូរសារាយ លោក ប៉ាត សាវឿន លេខទូរស័ព្ទ ០១០ ៧០៥ ៥៦៦
៣. សហគមន៍កសិកម្មខេមស៊ីដពេជចង្វារ លោក ប៊ុន សុធន់ លេខទូរស័ព្ទ ០៩២ ៨៥៩ ៤៨៩
៤. សហគមន៍កសិកម្មចម្រើនផលរាំងកេសី លោក ស៊ុ សង លេខទូរស័ព្ទ ០៧៧ ៥៨១ ៤២៧

ចំពោះសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង ៤ ដែលមានបំណងចង់សហការអនុវត្តគម្រោង ឬចងទទួលបានបច្ចេកទេសផលិតគ្រាប់ពូជស្រូវ សូមអញ្ជើញទាក់ទងសួរនាំព័ត៌មានបន្ថែម ៖
១. លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ លេខទូរស័ព្ទ ០១៧ ៩៥៩ ៧២៧
២. លោកស្រី ស៊្រុន ខេមា អនុប្រធាននាយកដ្ឋានពូជដំណាំលេខទូរស័ព្ទ ០១៧ ៣៣៧ ៣៣៨
៣. លោក សាក់ ជឿន ទីប្រក្សាគម្រោង RSPP លេខទូរស័ព្ទ ០១២ ៩៦៩ ៧៩៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។