ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទ DBST និងផ្លូវបេតុង ១ខ្សែ ស្ថិតក្នុងស្រុកកងមាស

(កំពង់ចាម) នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទ DBST និងផ្លូវបេតុង ១ខ្សែ មានប្រវែង ២៧.៣៥១ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ជាគម្រោងហិរញ្ញប្បទានធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋទទួលផល ក្នុងឃុំទាំង០៣ ជាច្រើននាក់ផងដែរ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា គម្រោងនេះស្ថិតនៅក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដែលបានទន្ទឹងជាយូរឆ្នាំ មកហើយ។ តាមការប៉ាន់ប្រមាណ គម្រោងផ្លូវ ១ខ្សែនេះ គ្រោងចំណាយថវិកាស្ថាបនាក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំង ៣ឃុំ ទាំងការចំណេញពេលវេលាធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការផ្សាភ្ជាប់ពីទីប្រជុំជនមួយ ទៅទីប្រជុំមួយទៀត ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស។ ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដោយបានប្រែក្លាយស្រុកទេស ក៏ដូចជា មូលដ្ឋានសហគមន៍ ឲ្យមានសោភណ្ឌភាពល្អ ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ បានរស់នៅប្រកបដោយផាសុខភាព និងធ្វើឲ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។ ដោយឡែក ទន្ទឹមនឹងគម្រោង បានចាប់ផ្ដើមដំណើរការស្ថាបនា នាពេលនេះដែរ ឯកឧត្ដមអភិបាលខេត្តកំពង់ាម បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមមេត្តាយោគយល់ និងអត់ធ្មត់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឲ្យដំណើរការស្ថាបនាផ្លូវនេះ បានចប់សព្វគ្រប់ទៅតាមផែនការ ហើយយើងទាំងអស់គ្នា នឹងទទួលបានសមិទ្ធផលដ៏ស្រស់ស្អាត ប្រកបដោយគុណភាព ទុកសម្រាប់ប្រើប្រាស់បានយូរអង្វែង តទៅអនាគត។

នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈ ការអនុវត្តនូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងចូលរួមទៅទទួលយកវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈពេលដែល នាបច្ចុប្បន្ននេះ នៅតាមបណ្ដាក្រុង/ស្រុកនីមួយៗនៃខេត្តកំពង់ចាម កំពុងដំណើរការ ចាក់ជូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ដែលជាការចូលរួមចំណែកទាំងអស់គ្នា ដើម្បីបញ្ជៀសកុំឲ្យជម្ងឺកូវីដ-១៩ ឆ្លងចូលខ្លួនយើង ក្រុមគ្រួសារយើង និងឆ្លងចូលសហគមន៍យើងផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។