ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធ Video Conference ជាមួយក្រុមការងារបច្ចេកទេសចម្រុះដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

(ភ្នំពេញ) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធ Video Conference ជាមួយក្រុមការងារបច្ចេកទេសចម្រុះដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុម ការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ លោក Jost KADEL អគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃស្ថានទូតអាល្លឺម៉ង និងលោក Alexandre Huynh នាយកអង្គការ FAO និងជាសហប្រធានអ្នកសម្របសម្រួល។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ក្នុងនាមក្រសួងឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំជ្រាប នូវចំណុចសំខាន់ៗទាក់ទងការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលក្រសួងសម្រេចបាន មានខ្លឹមសារដូចខាងក្រោម ៖

១- ដោយសារសន្តិភាព ឯកភាពជាតិ តាមរយៈគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាំងពីឆ្នាំ១៩៩៨ បានធ្វើឱ្យកម្ពុជាមានអតិរេកស្បៀងតាំងពីទសវត្សរ៍ទី៩០។

២- បច្ចុប្បន្ន កម្ពុជានាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ មានកំណើនជាង ២ ៥៧១លានដុល្លារ ប្រមាណ ៨៤,៦៤% ក្នុងនោះកសិផលកើនឡើងចំនួន ១០៧,១៦%។ ការ នាំចេញអង្ករមានការធ្លាក់ចុះ -២៩,៤៧% ដោយសារកង្វះទូកុងតេន័រសម្រាប់ផ្ទុក តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ពិសេសសហភាពអឺរ៉ុប។

៣- ល្បឿនការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកទល់ពេលនេះ សម្រេចបាន ៨៦,៨១% នៃផែនការជាង២,៦លានហិកតា ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មសម្រេចបាន ៨៤% នៃផែនការ។

៤- កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ៣៨ ក្នុងពិភពលោកសម្រេចបាននូវគោលដៅសហស្សវត្សរ៍ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ គិតត្រឹមឆ្នាំ២០១២ មុនគោលដៅសហស្សវត្សរ៍៣ឆ្នាំ និងបានទទួលប័ណ្ណទទួលស្គាល់ពីអង្គការ FAO នៅក្នុងខែឆ្នាំ២០១៣។

៥- គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ មានគោលដៅចម្បងគឺបង្កើនតម្លៃបន្ថែមលើកសិផលឱ្យស្របតាមការរីកលូតលាស់សេដ្ឋកិច្ចជាតិឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។

៦- វិស័យកសិកម្មមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ធ្វើការអភិវឌ្ឍ លក្ខណភូមិសាស្រ្តអំណោយផល ស្ថានភាពទីផ្សារកសិផលក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិកំពុងមានការកើនឡើង បរិយាកាសវិនិយោគ ការផ្លាស់ប្តូរឥរិយាបថរបស់កសិរទៅជាកសិពាណិជ្ជករប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថល ធានាបានការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងការកែច្នៃវេចខ្ចប់។

៧- ក្រសួងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើយ៉ាងណារក្សាបាននិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ ២០៣០ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយ “កសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ ចំណូល វិបុលភាព និងសុខុមាលភាព” ។ បង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព និងភាតរៈបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីទស្សនគាំទ្រលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពី “ប្រព័ន្ធស្បៀងប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ២០៣០”។ ក្នុងគោលបំណងពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជាកាន់តែប្រសើរឡើង ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ទុកជាធាតុចូល សម្រាប់ក្រុមការងារ ដែលមានខ្លឹមសារដូចខាងក្រោម ៖

ទី១. រួមគ្នាអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិកម្មឆ្នាំ២០២១-២០៣០ បន្តជំរុញការអនុវត្តកសិកម្មល្អ “GAP” បង្កើតកសិដ្ឋាន GAP/សហគមន៍កសិកម្ម GAP ផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ទី២. បង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជូបនីយកម្ម ការប្រើប្រាស់បច្ចេក វិទ្យាបៃតង បច្ចេកវិទ្យាវៃឆ្លាតនឹងអាកាសធាតុ បង្កើនផលិតភាព និងប្រសិទ្ធភាពប្រើប្រាស់ធនធានដី ទឹក និងធនធានសេនេទិក និងការផ្តល់សេវាផ្សព្វផ្សាយនិងប្រឹក្សាបច្ចេកទេសកសិកម្មទំនើប។

ទី៣. បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្ម (ទឹក ផ្លូវ ភ្លើង និងហិរញ្ញវត្ថុ) និងបង្កើនឥណទានកសិកម្មដែលមានការប្រាក់ទាប ព្រមទាំងគិតគូរអំពីសន្តិសុខស្បៀងសម្រាប់កសិករដែលងាយទទួលការរងគ្រោះ កសិករដែលមានផ្ទៃដីតូច។

ទី៤. ត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីធានានិន្តរភាពប្រព័ន្ធស្បៀងអាហារ និងប្រព័ន្ធផ្គត់ផ្គង់ស្បៀង អាហារ នៅក្នុងពិភពលោក ក្នុងតំបន់ និងប្រទេសនីមួយៗ ដោយបន្ទូរបន្ថយនូវរបាំងបច្ចេកទេស និងលក្ខខណ្ឌតម្រូវនានា និងកសិធុរកិច្ចស្បៀងអាហារ ដោយអនុវត្តនូវទស្សនទាន “ការផ្គត់ផ្គង់ស្បៀងអាហារគ្មានព្រំដែន (Food supply Without border)” ព្រមទាំងបង្កើតឱ្យមានការស្តុកស្បៀងអាហារ និងប្រព័ន្ធស្បៀងបម្រុងជាសាកល ទាំងក្នុងតំបន់ ក្នុងប្រទេស តាមសហគមន៍ និងប្រព័ន្ធគ្រប់គ្រងព័ត៌មានសន្តិសុខស្បៀងអាហារ។

ទី៥. ត្រូវសហការអនុវត្ត និងគិតគូរប្រើប្រាស់ស្បៀងអាហារវៃឆ្លាតនៅពេលអនាគត (Future Smart Food) ដោយពិនិត្យផលិតផលដែលមានអាហារូបត្ថម្ភខ្ពស់ដូចជាសណ្តែក បន្លែស្លឹកខៀវ ផែ្ល និងមើម ផ្លែឈើសំខាន់ៗ សាច់ ត្រី ស៊ុត ទឹកដោះគោ និងអនុផលព្រៃឈើ ដែលមាននៅតាមមូលដ្ឋានជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹមយ៉ាងមុតមាំទៅលើអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមការងារផ្សេងៗទៀត ថានឹងសហការគ្នាដើតាមផែនទីបង្ហាញផ្លូវនេះ ឆ្ពោះទៅសម្រេចគោលដៅចំបងសម្រាប់ប្រទេសជាតិយើង គឺការធានាឲ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ប្រកបដោយគុណភាព សុវត្ថិភាព និងសុខុមាលភាពជូនដល់ប្រជាជនគ្រប់រូបស្របនឹងពាក្យថា “ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល”។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។