ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយ បរិក្ខារពេទ្យពីធនាគារវឌ្ឍនៈសាខា ក្នុងខេត្ត

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដោយអភិបាលរងខេត្ត អញ្ជើញទទួលអំណោយឧបត្ថម្ភជាបរិក្ខារពេទ្យ ពីធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គនាយក ធនាគារវឌ្ឍនៈ ដែលបានឧបត្ថឧបករណ៍តេស្តរហ័ស កូវីដ-១៩ ចំនួន ១២៥០ ឈុត និងថ្នាំពេទ្យ ចំនួន៨០០ ប្រអប់ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងបន្តថា អំណោយមនុស្សធម៌របស់ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ចាម នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលែលជំងឺដ៏កាចសាហាវមួយនេះកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូលផងដែរ៕ ចៅ វង្ស I.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។