ព័ត៌មានជាតិ

អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញបើកការដ្ឋានជុលក្រាលផ្លូវកៅស៊ូ DBST ១ខ្សែប្រវែង៣, ៦០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ សំរោងក្រុងសំរោង

(ឧត្ដរមានជ័យ) នាព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព បើកការដ្ឋានជួសជុលក្រាលផ្លូវកៅស៊ូ DBST ១ខ្សែប្រវែង៣, ៦០០ម៉ែត្រ ដោយពង្រីកទទឹងសងខាងម្ខាង ២ ម៉ែត្រ សរុប៤ម៉ែត្រ និងរៀបចំខឿបបេតុងសងខាងចិញ្ចើមផ្លូវប្រវែង៧, ២០០ម៉ែត្រ ចាប់ ពីរង្វង់មូលជ័យវរ្ម័នទី៧ កាត់តាមភូមិឈូក មុខសណ្ឋាគារឈើនប្រាក់កប មុខវត្តប្រាសាទរាជាសំរោង មុខផ្សារសំរោងឆ្ពោះ ទៅកាន់វង្វង់មូលព្រះកេស្វរៈ ស្ថិតក្នុងសង្កាត់ សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ទោះបីជាខណៈពេលនេះជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលទូទាំងសាកលលោក ក៏ដូចជាសហគមន៍ នៃប្រទេសកម្ពុជា ក៏ដោយក្នុងនាមអាជ្ញាធរខេត្ត ក៏មិនអាចភ្លេចនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ដូចជាភ្លើងបំភ្លឺផ្លូវជូនបងប្អូនប្រជាពរដ្ឋធ្វើដំណើរតាមដងផ្លូវផងដែរ។ ឯកឧត្តម បានបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ត្រូវបានអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃទាំងនេះ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់សន្តិភាពក្នុងដំបូល តែមួយ។

ជាចុងបញ្ជប់ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវ ក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»ជាប់ជាប្រចាំ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។