ព័ត៌មានជាតិ

ល្បែងសុីសងកំពុងដំណើរ យ៉ាងរលូន នៅច្រកដូង៧ដើម ស្រុកមេមត់ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធមិនហ៊ានចុះបង្ក្រាប!

ប្រភពថ្មីៗពីប្រជាពលរដ្ឋរស់នៅក្បែរច្រកដា ហៅច្រកដូង៧ដើម ភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឈ្មោះ ហេង និងឈ្មោះ លឹម ម្ចាស់កាស៊ីណូដែលមានយីហោលេខ៦៩ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូនទាំងបំពានច្បាប់។

ចំណែកលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បណ្តោយឲ្យឈ្មោះ ហេង និងឈ្មោះ លឹម ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។​

ប្រការនេះធ្វើឲ្យនៅក្នុងឃុំដា ស្រុកមេមត់ បច្បុប្បន្នកើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាចព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ មិនបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព​ទាំង៩ចំណុចនោះឡើយ។​

តាមការ​អះអាងរបស់អ្នកចូលទៅដល់ក្នុងការស៊ីណូយីហោ៦៩ នៅច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានពលរដ្ឋខ្មែរជិះម៉ូតូ ជិះរថយន្តទៅលេងល្បែងបញ្ជល់មាន់បៀអាប៉ោងយូគីនិងល្បែងផ្សេងៗទៀតក្នុងកាស៊ីណូនោះរាប់រយរាប់ពាន់នាក់។

ប្រភពបានឲ្យដឹងទៀតថា​ មានអ្នកខ្លះចាញ់ល្បែងអស់លុយកាកទ្រព្យសម្បត្តិ ម៉ូតូ និងរថយន្តជាបន្តបន្ទាប់ ហើយឈ្មោះ ហេង និងឈ្មោះ លឹម អាចប្រមូលលុយបានរយលានរៀល និងរាប់ម៉ឺនរាប់សែនដុល្លារក្នុងមួយថ្ងៃៗ។

ប្រភពខ្លះបានឲ្យដឹងថា មានមន្ត្រីធំៗក្នុងខេត្តត្បូងឃ្មុំ មួយចំនួនសម្ងំទទួលផលប្រយោជន៍ពីឈ្មោះ ហេង និងឈ្មោះ លឹម ដែលបើកល្បែងស៊ីសងក្នុងកាស៊ីណូយីហោ៦៩ នៅច្រកដា ហៅច្រកដូង៧ដើម ទើបបណ្តោយឲ្យមេល្បែងស៊ីសងទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ចំពោះករណីឈ្មោះ ហេង និងឈ្មោះ លឹម ម្ចាស់កាស៊ីណូនៅច្រកដូង៧ដើម ដែលបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក។

ដោយហេតុថា លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យឈ្មោះ ហេង និងឈ្មោះ លឹម បំពានច្បាប់យ៉ាងកំរោល មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ជាងនេះទៅទៀតមិនមែនតែនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ប៉ុណ្ណោះទេដែលម្ចាស់កាស៊ីណូបើកឲ្យពលរដ្ឋខ្មែរចូលលេងកល្បែងយ៉ាងពពាក់ពពូនគឺនៅច្រកពញាក្រែក ក៏ម្ចាស់កាស៊ីណូបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងដោយមិនខ្វល់ពីការរិះគន់នឹងអ្វីៗទាំង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *