ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកមន្ដ្រីរាជការពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា

(ខេត្តព្រៃវែង) នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី និងលោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ឯកឧត្តម សុខ យាត បានទទួលមរណភាព នាថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១:១០នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តម បានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

រូបកាយរបស់ឯកឧត្តម សុខ យាត បានបាត់បង់ទៅក៍ពិតមែន ប៉ុន្តែបានបន្សល់ទុកនូវអំពើល្អជាកុសល កិត្តយស សេចក្តីថ្លៃថ្នូរ ស្ថិតនៅជាប់ក្នុងសន្តានចិត្តភរិយា កូនប្រុសស្រី ចៅប្រុសស្រី បងប្អូនព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។