ព័ត៌មានជាតិ

ស្ត្រីមេម៉ាយទីទាល់ក្រ១គ្រួសារ នៅស្រុកបាធាយ ទទួលបានអំណោយផ្ទះមនុស្សធម៌ទី៣ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ចាម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយព្រះនាគមុនី មេគណខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំសាខាកាកបាទក្រហម,ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត, អាជ្ញាធរស្រុកបាធាយ រួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៣ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និង សាលាគណខេត្ត ជូនដល់ស្ត្រីមេម៉ាយទីទាល់ក្រម្នាក់ ឈ្មោះ ឆៃ អ៊ូ អាយុ ៤៥ឆ្នាំ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

បើតាមលោក ផេន សុផល អភិបាលស្រុកបាធាយបានឲ្យដឹងថា ប្អូនស្រី ឆៃ អ៊ូ ជាស្ត្រីមេម៉ាយទ័លក្រ មានកូនស្រី ប្រុស ២នាក់ (អាយុ ៦ឆ្នាំ និង ៤ឆ្នាំ) ក្នុងបន្ទុក។ ក្រោយប្តី ប្អូនស្រីបានស្លាប់ដោយជម្ងឺរ៉ាំរ៉ៃ ជិត៥ឆ្នាំមកនេះ ប្អូនស្រី និងកូន ធ្លាក់ខ្លួនរស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លូនឯង ក៏ថ្លង់ទៀត សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងខ្ទមដ៏តូច ដែលបិទបាំងដោយដែកសង្កសីចាស់ៗ ដែលអ្នកជិតខាងបានផ្តល់អោយនៅលើដីទំហំ ៩ម×២១ម ដែលបងស្រីបង្កើតរស់នៅក្បែរនោះបានប្រគល់អោយជាកម្មសិទ្ធិ។
ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌ ក្រ១ ប្អូនស្រី ត្រូវដើររើសអេតចាយ និងជួយលាងចានឆ្នាំងតាមផ្ទះគេគ្រាន់បានកម្រៃប្រចាំថ្ងៃ ដើម្បីចិញ្ចឹមកូនតូចៗទាំង ២នាក់។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃ ៩លាន ៨សែនរៀល ដែលជាថវិកាបដិភាគ របស់សាខាកាកបាទក្រហមខេត្ត សាលាគណ សាលាអនុគណ ព្រះគ្រូចៅអធិការវត្ត និងសប្បុរសជន ជូនប្អូនស្រី ឆៃ អ៊ូ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្អូនស្រី លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ ត្រូវតែយកចិត្តទុកដាក់អនុវត្ត អោយបានខ្ជាប់ខ្ជួននូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម ” ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងជៀសអោយផុតពីការឆ្លងរាលដាលនៃជំងឺដ៏កំណាចមួយនេះ ក្នុងស្ថានភាពដែលវីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍ វាយលុកយ៉ាងសកម្ម ដែលជាបញ្ហាប្រឈម និងជាក្តីកង្វល់ដ៏ធំបំផុត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ទាំងនៅក្នុងគ្រួសារ និង សហគមន៍យើង។

លោក ទូច ឆៃ នាយក ប្រតិបត្តិសាខា បានឲ្យដឹងថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ប្អូនស្រី ឆៃ អ៊ូ សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប, មី ១កេស, ឃីត ១សម្រាប់, អាវយឺត ៨, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក ពលរដ្ឋខ្វះខាតជីវភាព ចំនួន ១២គ្រួសារ ទៀត ដែលបានចូលរួមនាពេលនោះ ក៏ទទួលបានអំណោយមនុស្សធម៌ ក្នុង ១គ្រួសារ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។