ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប រួមនឹងសប្បុរសជន

(កំពង់ចាម) នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប ដែលដឹកនាំដោយ ឯកឧត្ដម កែវ អូម៉ាលីស រួមនឹងសប្បុរសជនមួយចំនួន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប រួមនឹងសប្បុរសជន ដែលបានបន្តជួយឧបត្ថម្ភជាសម្ភារៈ និងថវិកា ជូនដល់រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាឱកាសនេះ រួមមាន:

១. ក្រុមការងាររៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប ឧបករណ៍តេស្តរហ័ស កូវីដ-១៩ ចំនួន ១.០០០ ឈុត និងមា៉ស ចំនួន ១០.០០០ម៉ាស។
២-លោកឧកញ៉ា ឡាង ទីលាង និងលោកជំទាវ ថវិកា ៤លានរៀល។
៣-ធនាគារABA សាខាខេត្តកំពង់ចាម អាល់កុល ២កាន ម៉ាស៊ីនវាស់កម្តៅ ០២គ្រឿង ទឹកសុទ្ធ ១០កេស និងទឹកក្រូចកូកាកូឡា ០៦កេស។
៤-លោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង ទឹកសុទ្ធ ៣០០យួរ។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងបន្តថា អំណោយមនុស្សធម៌ ដែលក្រុមការងារខាងលើផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលែលជំងឺដ៏កាចសាហាវមួយនេះកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូលផងដែរ៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។