ព័ត៌មានជាតិ

រដ្ធមន្រីកសិកម្ម ក្នុងការជំរុញធ្វើទំនើបកម្មកសិកម្មកម្ពុជា ដែលបាននិងកំពុងគិតគូ យកចិត្តទុកដាក់ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច

(ភ្នំពេញ) ការកសាង និងការពង្រឹងសមត្ថភាពកសិករអំពីការថែទាំ និងជួសជុលគ្រឿងយន្តកសិកម្ម
ក្នុងទិសដៅជំរុញផលិតភាពអនុវិស័យដំណាំឱ្យកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាព ការបញ្ចូលយន្តូបនីយកម្មទៅក្នុងផលិតកម្មកសិកម្ម គឺភារកិច្ចអាទិភាពមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញធ្វើទំនើបកម្មកសិកម្មកម្ពុជា ដែលបាននិងកំពុងគិតគូ យកចិត្តទុកដាក់ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ចំណេញពេល កាត់បន្ថយពលកម្ម ជំរុញល្បឿនផលិតកម្មកសិកម្ម តាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់ភ្ជួររាស់ ដាំដុះ ស្ទូង ព្រោះ កម្ចាត់ស្មៅ ដឹកជញ្ជូន ច្រូត កាត់ បោកបែន សម្ងួត កិនស្រូវ និងកែច្នៃកសិផល។ល។ បច្ចុប្បន្ន ក្រសួងបានសង្កេត ឃើញថាទាំងកសិករខ្នាតតូច មធ្យម និងក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មភាគច្រើនបាន យល់ច្បាស់អំពីសារៈសំខាន់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្ម លើផ្ទៃដីដែលមានវិសាលភាពល្វឹងល្វើយរបស់ពួកគាត់ ស្របពេលកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្មផងនោះ ធ្វើឱ្យនិន្នាការនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្មមានការរីក ចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែងក្នុងឆ្នាំ២០២០ ស្ថិតិការងារភ្ជួររាស់ដីដាំដុះដំណាំស្រូវទូទាំងប្រទេសសម្រេចបានចំនួន ៣ ៧៧៨ ៣៤០ហត ក្នុងនោះផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មមានចំនួន ៣ ៧៤៦ ៦៨៩ហត ស្មើ៩៩,១៦% នៃផ្ទៃដីភ្ជួររាស់សរុប។ ផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានឱ្យដឹងថាស្ថិតិឧបករណ៍ និងគ្រឿងយន្តកសិកម្មទូទាំងប្រទេសមានចំនួនសរុបជាអាទិ៍ ៖ ត្រាក់ទ័រ ៣២ ០៩៤គ្រឿង គោយន្ត ៤៩៨ ១១៩គ្រឿង ម៉ាស៊ីនច្រូតស្រូវ ៦ ៧៩២គ្រឿង ម៉ាស៊ីនបូមទឹក ៤០២ ៧៩៦គ្រឿង ម៉ាស៊ីនបោកស្រូវ ១២ ៥២៥ គ្រឿង និងម៉ាស៊ីនកិនស្រូវ ៤២ ៩៥៤គ្រឿង។ល។

ព្រមជាមួយនឹងកំណើននៃការប្រើប្រាស់នេះ ជាលក្ខណបច្ចេកទេស នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ជាទូទៅសង្កេតឃើញមានបញ្ហាមួយចំនួនបាននិងកំពុងកើតឡើងក្នុងមជ្ឈដ្ឋានកសិករដែលកំពុងប្រើប្រាស់គ្រឿងយន្តទាំងនោះដូចជា ៖ ការប្រើប្រាស់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការមើលថែរក្សា ជួសជុល ការយល់ដឹងអំពីមុខងាររបស់គ្រឿងយន្ត។ល។ កត្តាទាំងអស់នេះគឺជាដើមចមដ៏សំខាន់ធ្វើឱ្យគ្រឿងយន្តងាយរងការខូចខាតមុនអាយុកាលកំណត់ ខាតបង់ថវិកាសម្រាប់ធ្វើការជួសជុល ខាតបង់ពេលវេលាក្នុងការជួសជុល ខាតបង់ពេល វេលាក្នុងផលិតកម្ម និងបង្កើនការចំណាយ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ដើមទុនផលិតជារួម។ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ និងក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការចំណាយមិនសមស្របរបស់ប្រជាកសិករ និងដើម្បីឱ្យការប្រើប្រាស់គ្រឿងយន្តកសិកម្មមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេស នាយកដ្ឋានវិស្វកម្មកសិកម្ម ដោយទទួលបានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ” ការប្រើប្រាស់ និងការថែទាំឧបករណ៍ និងគ្រឿងយន្តកសិកម្ម ” ជូនដល់មន្ត្រីបច្ចេកទេស កសិករ និងអ្នកប្រើប្រាស់គ្រឿងយន្តកសិកម្មនៅតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីមូលដ្ឋានគ្រឹះនៃគ្រឿងយន្តកសិកម្ម ការថែរក្សា ការប្រើប្រាស់ ការជួសជុលបឋម។ល។ សំដៅកាត់បន្ថយការចំណាយទៅលើការជួសជុល ចំណេញពេលវេលា និងប្រើប្រាស់បានយូរអង្វែង។

មេរៀនសំខាន់ៗដែលបានលើកយកមកបណ្តុះបណ្តាលមានដូចខាងក្រោម ៖
– ការយល់ដឹងអំពីចលករ
– បង្គុំទូទៅរបស់ចលករ
– ប្រព័ន្ធសំខាន់ៗរបស់ចលករ
– ការដោះបំបែកចលករ
– ភាពមិនប្រក្រតីរបស់ចលករ និងវិធីសាស្រ្តកែសម្រួល
– បច្ចេកបទេសនៃការប្រើប្រាស់គោយន្ត
– បច្ចេកបទេសនៃការប្រើប្រាស់ត្រាក់ទ័រ
– ការថែទាំគ្រឿងយន្តកសិកម្មប្រចាំថ្ងៃ
– ការថែទាំគ្រឿងយន្តកសិកម្មរយៈពេល១០០ម៉ោង
– សុវត្ថិភាពក្នុងការប្រើប្រាស់គ្រឿងយន្តកសិកម្ម។ល។

ឆ្លងតាមវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទទួលបានចំណេះដឹងអំពីការថែទាំ និងជួសជុលបឋមការប្រើប្រាស់គ្រឿងយន្តកសិកម្មស្របតាមបទដ្ឋានបច្ចេកទេស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយការចំណាយក្នុងការជួសជុលឧបករណ៍ និងគ្រឿងយន្តអាចប្រើប្រាស់បានតាមកាលកំណត់ ចំណេញពេលវេលា និងធ្វើឱ្យអ្នកប្រើប្រាស់គ្រឿងយន្តកសិកម្មទទួលបានប្រាក់ចំណេញបន្ថែមក្នុងផលិតកម្មកសិកម្ម។

សម្រាប់ព័ត៌មានលម្អិត ៖ សូមអញ្ជើញទាក់ទងមកលោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម តាមរយៈទូរស័ព្ទលេខ ០១២ ៩១២ ០៣៧។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។