ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Video Conference ជាមួយសមាជិកក្រុម ការងារបច្ចេកទេសចម្រុះ

(ភ្នំពេញ) នៅទីស្តីការក្រសួង វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Video Conference ជាមួយសមាជិកក្រុម ការងារបច្ចេកទេសចម្រុះ ដែលមាន ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១៣ និង ដៃគូអភិវឌ្ឍន៍មាន FAO, ADB, WB, WHO, WFP, GIZ, UNICEF បានចូលរួម ។ កិច្ចប្រជុំមានគោល បំណងពិនិត្យ និងវាយតម្លៃលើខ្លឹមសារសេចក្តីព្រាងចុងក្រោយនៃផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។

បន្ទាប់ពីលោក ជា សំណាង នាយកខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឺម ឆៃលី ប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណ:កម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយអានសេចក្តីថ្លែងហេតុ រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់លោកជំទាវ និងឯកឧត្តមដែលអញ្ជើញមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍន៍ និងបានជម្រាបអង្គប្រជុំដោយសង្ខេបជុំវិញ សមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាននាពេលកន្លងមកដោយផ្តោតជាសំខាន់លើការធានាប្រព័ន្ធស្បៀងប្រកបដោយចីរភាព និងនិរន្តរភាព។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេច ជូនអង្គប្រជុំបានជ្រាបនូវចំណុចសំខាន់ៗផងដែរអំពីផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀងដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្ត និងផែនការអនុវត្តរហូតដល់ឆ្នាំ២០៣០។

ឆ្លៀតយកឱកាសនេះ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងជាប្រធានគណ:ប្រតិភូកម្ពុជា ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអ្នកកោះប្រជុំថ្នាក់ជាតិសម្រាប់កិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង
និងបណ្ឌិត Iean Russell ទីប្រឹក្សា EU-FAO/FIRST ប្រចាំក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើបទបង្ហាញសង្ខេបជុំវិញប្រធានបទនេះ និងការត្រៀមដំណើរឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី “ប្រព័ន្ធស្បៀងនៃមហាសន្និបាទអង្គការសហប្រជាជាតិ” នាពេលខាងមុខ បន្ទាប់មកសមាជិក សមាជិកានៃកិច្ចប្រជុំបានចូលរួមផ្តល់នូវទស្សនៈទាន ចក្ខុវិស័យច្នៃប្រឌិត និងធាតុចូលសំខាន់ៗមួយចំនួនទៀត ក្នុងន័យស្ថាបនាលើខ្លឹមសារសេចក្តីព្រាងចុង ក្រោយនៃផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងជាពិសេសការត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់កិច្ចប្រជុំកំពូលស្តីពី “ប្រព័ន្ធស្បៀងនៃមហាសន្និបាទអង្គការសហប្រជាជាតិ” ដែលនឹងប្រារព្ធឡើងនៅខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ដោយឡែក ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំនាពេលនេះ បន្ថែមពីលើចំណុចគន្លឹះមួយចំនួនក៏ដូចជាទស្សនៈ ចក្ខុវិស័យ និងធាតុចូលសំខាន់ៗដែលទទួលបានពីវាគ្មិននៃអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរសូមឱ្យលោក ហ៊ាន វណ្ណហន និងលោក សុខ ស៊ីឡូ សហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់រៀបចំធ្វើការកែសម្រូលសេចក្តីព្រាងនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក នាពេលខាងមុខនេះ ឲ្យបានគ្រប់ជ្រុងជ្រោយទៅតាមមតិយោបល់ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ ក្នុងឆន្ទ:យ៉ាងមុតមាំថានឹងធានាឲ្យបានប្រព័ន្ធស្បៀង មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព និងផ្តល់ឱកាសប្រកបរបរចិញ្ចឹមជីវិតដោយសមធម៌ ជាពិសេសសម្រាប់យុវជនដែលមានគំនិតច្នៃប្រឌិត វៃឆ្លាត កសិករក្រីក្រ ជនងាយរងគ្រោះ តាមរយៈការបង្កើនផលិតភាព ពិពិធភាវូបនីយកម្មកសិកម្មឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងបង្កើនប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច ជនងាយរងគ្រោះ ព្រមជាមួយការគិតគូរអំពីការតាមដាន និងត្រួតពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តផែនទីបង្ហាញផ្លូវនេះទៅតាមដំណាក់កាលនីមួយៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។