ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល បម្រុងសម្រាប់ព្យាបាលពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ

(បន្ទាយមានជ័យ) នៅទី១០ សីហា ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល អញ្ជើញពិនិត្យវឌ្ឍនភាពនៃការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល បម្រុងសម្រាប់ព្យាបាលជូន ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ និងក្នុងករណីដែលមានជំងឺកូវីដ១៩។

នាឱកាសនឡ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងអនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាលពីដំណើរការរួមនៃការអនុវត្តការងាររបស់ខេត្តកន្លងមក កិច្ចការងារចំពោះមុខ និងបញ្ហាប្រឈមមួយចំនួន ។

ក្រោយពីបានស្ដាប់របាយការណ៍របស់អភិបាលខេត្តរួច ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្ត និងអ្នកពាក់ព័ន្ធក្នុងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំគ្រប់គ្រងពលករ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បន្ទាប់មក ឧត្តមសេនីយ៍ឯក ក៏បានលើកជាអនុសាសន៍មួយចំនួនជូនរដ្ឋបាលខេត្ត ដើម្បីយកមករៀបចំជាគោលការណ៍អនុវត្តចំពោះមុខ ក្នុងនោះផ្តោតសំខាន់លើវិធានការត្រៀមទទួលពលករខ្មែរដែលបានចូលមកកាន់តែច្រើនឡើង ជាពិសេសក្នុងការអនុវត្តគោលការណ៍ថ្មីដែលតម្រូវឲ្យធ្វើតេស្តរហ័សលើគ្រប់ពលករដែលបានឆ្លងដែនចូលមក និងការធ្វើចត្តាឡីស័កនៅនឹងកន្លែង ដោយក្នុងនោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានស្នើឲ្យរដ្ឋបាលខេត្ត រៀបចំផែនការសកម្មភាព និងរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក ក៏ដូចជាលើកសំណើពាក់ព័ន្ធនឹងតម្រូវការសម្ភារ បរិក្ខារបច្ចេកទេសដាក់ជូនគណៈកម្មការ និងអនុគណៈកម្មការថ្នាក់ជាតិដើម្បីជាយន្តការគាំទ្រដល់រដ្ឋបាលខេត្ត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។