ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំក្រកម្ពុជា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ) នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីបានបញ្ចប់បេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជារយ:ពេល ០៥ឆ្នាំ។

ក្នុងជំនួបចុងក្រោយនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Alexandre Huynh និងសហការីដែលបានលះបង់គ្រប់បែបយ៉ាងបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវ និងសហការបានយ៉ាងល្អប្រសើរជាមួយថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោមឱវាទក្នុងការអនុវត្តគម្រោងនានាក្នុងគោលបំណងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងអាណត្តិរបស់លោកលើទឹកដីសន្តិភាពមួយនេះ គម្រោងគាំទ្រដល់ការអភិវឌ្ឍអនុវិស័យមួយចំនួនបានដែលទទួលបានការឧបត្ថម្ភ និងគាំទ្រដោយអង្គការ FAO កំពុងផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោងទាំងនោះបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណ ភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣។ ឆ្លៀតយកឱកាសចុះក្រោយនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី តាមរយ:លោក Alexandre Huynh ស្នើសុំឲ្យអង្គការពិនិត្យលទ្ធភាពជួយឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដែលជំងឺនេះកំពុងរីករាលដាលនៅកម្ពុជានាពេលបច្ចុប្បន្ន។

លោក Alexandre Huynh បានជម្រាបលា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-អង្គភាព និងមន្រ្តីជំនាញគ្រប់អនុវិស័យទាំងអស់ដែលបានផ្តល់ការគាំទ្រ សហការ ផ្តល់ធាតុចូលគ្រប់បែបយ៉ាងដែលធ្វើឲ្យបេសកកម្មរបស់លោកនៅកម្ពុជា សម្រេចទទួលបានជោគជ័យ និងជាពិសេសគម្រោងអភិវឌ្ឍវិស័យកសិកម្មខ្លះបានបញ្ចប់ និងខ្លះទៀតបាននិងកំពុងដំណើរការពោរពេញទៅដោយក្តីសង្ឃឹមថានឹងរួមចំណែកអភិវឌ្ឍវិស័យ មួយនេះឲ្យមានការរីកចម្រើនស្របទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានគ្រោងទុក ក្នុងន័យចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនផលិតភាពផលិតកម្ម ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទទួល យកបច្ចេកវិទ្យាកសិកម្មថ្មីៗទៅអនុវត្ត ដើម្បីផ្លាស់ប្តូរទម្លាប់ បង្កើនប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច។ ទោះបីបេសកកម្មលោកត្រូវបានបញ្ចប់ ចំពោះសំណើចុងក្រោយរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកសន្យាថានឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកថ្នាំការពារជំងឺដុំពកស្បែក គោ-ក្របី ជួយដល់ប្រទេសកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។