ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom

(ភ្នំពេញ) នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom ។

យោងតាមរបាយការណ៍របស់ឯកឧត្តម សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាល ចំនួន២០លើក ស្មើនឹង១០៧,៣២១ដូស និងទទួលបានសម្ភារៈបរិក្ខារមួយចំនួនទៀត ។

ឯកឧត្តម អគ្គនាយកបន្តថា ក្រសួងមហាផ្ទៃ ក៏បានទទួលជំនួយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ផ្ដល់ដោយថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន និងអង្គភាពចំណុះនានាមួយចំនួនទៀត មានទាំងជំនួយថវិកា និងសម្ភារៈបរិក្ខារ ។

ឯកឧត្តមបានបន្ថែមថា ក្រសួងមហាផ្ទៃ ក៏បានទទួលឧបករណ៍តេស្តរហ័សផ្ដល់ដោយក្រសួងសុខាភិបាល និងទទួលបានពីជំនួយថ្នាក់ដឹកនាំក្រសួង និងសប្បុរសជនជាបន្តបន្ទាប់ ព្រមទាំងបានបញ្ជាទិញឧបករណ៍តេស្តរហ័សនេះបន្ថែមសម្រាប់ការប្រើប្រាស់ផងដែរ ។

ពាក់ព័ន្ធនឹងឆ្លងជំងឺកូវីដ-១៩ ឯកឧត្តម សេង យូអ៊ាន់ បានបញ្ជាក់ថា មកដល់ពេលនេះមានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ២.១៩៨នាក់ បានឆ្លងជំងឺនេះ ក្នុងនោះជាសះស្បើយ ១.៤៤១នាក់ កំពុងព្យាបាល ៧៣៦នាក់ និងស្លាប់ ២១នាក់ ។

ឯកឧត្តមអគ្គនាយក ក៏បានរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គប្រជុំ អំពីការបែងចែកជំនួយថវិកា និងសម្ភារៈ ដំណើរការចាក់វ៉ាក់សាំង និងកិច្ចការសំខាន់ៗមួយចំនួនទៀតពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នៅក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍ឱ្យបន្តការងារអប់រំផ្សព្វផ្សាយអំពីការអនុវត្តវិធានការ៣កុំ ៣ការពារ ពង្រឹងការអនុវត្តច្បាប់ និងវិធានការ និងត្រូវជំរុញការចាក់វ៉ាក់សាំងឱ្យបានតាមគោលការណ៍ក្រសួងសុខាភិបាល ។

ជាមួយគ្នានេះ សម្ដេច ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានការផ្ដល់ព័ត៌មានអំពីសំណើ និងសំណូមពរនានាដើម្បីរៀបចំការសម្របសម្រួល ពិសេសជាមួយក្រសួងសុខាភិបាល ហើយគ្រប់អង្គភាពត្រូវធ្វើរបាយការណ៍ឱ្យទៀងទាត់ ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋលេខាទទួលបន្ទុក និងឯកឧត្តមអគ្គនាយកពន្ធនាគារ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងពន្ធនាគារ ពិសេសការរៀបចំចាក់វ៉ាក់សាំងជូនអ្នកជាប់ឃុំ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។