ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញបើកកិច្ចប្រជុំ ស្តីពីការឧបត្ថម្ភថវិកាជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន២០,០០០រៀល តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom)

(ព្រៃវែង) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំ ស្តីពីការឧបត្ថម្ភថវិកាជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន២០,០០០រៀល តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom) ដោយមានការចូលរួមពីឯកឧត្តម​ អភិបាលរងខេត្ត លោក​ លោកស្រី​ អភិបាលក្រុង-ស្រុកទាំង១៣ និងលោក​ ប្រធានមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០១។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានជំរាបដល់លោក លោកស្រីអភិបាលក្រុង-ស្រុក ធ្វើការស្នើរសុំការគាំទ្រ និងឧបត្ថម្ភផ្សេងៗ តាមរយៈឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង-ស្រុកទាំង១៣ និងសប្បុរសជននានា ក្នុងការជួយដោះស្រាយការចំណាយ ដើម្បីបន្តត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-១៩ សំរាប់ពលករវិលត្រឡប់មកពីប្រទេសថៃ នៅមូលដ្ឋានស្រុកកំណើតរបស់ខ្លួន។

ទន្ទឹមនិងនេះឯកឧត្តមអភិបាលខេត្ត បានទទួលស្តាប់របាយការណ៍របស់លោក​ ​លោកស្រី​អភិបាលក្រុង-ស្រុក ដែលបានលើកឡើងពីសភាពការណ៍ និងស្នាដៃការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួនរបស់មូលដ្ឋាន ដើម្បីជួយសម្រួលដោះស្រាយ និងធ្វើរបាយការណ៍សុំអន្តរាគមន៍បន្តទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង។

ជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី សូមជូនពរគណៈអភិបាលខេត្ត និងសមាជិកអង្គប្រជុំទាំងមូល សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។