ព័ត៌មានជាតិ

មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម ចាប់គ្រឿងក្នុងជ្រូកខូចគុណភាពទម្ងន់៤៥០គីឡូក្រាមនិងរថយន្ត១គ្រឿងដឹកជញ្ជូនគ្មានលិខិតអនុញ្ញាត

(កំពង់ចាម) មន្ត្រីនៃការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឃាត់រថយន្ត១គ្រឿង និងគ្រឿងក្នុងជ្រូក៤៥០គីឡូក្រាមនៅចំណុចថ្នល់កែង ភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងបទល្មើសគ្មានលិខិតអនុញ្ញាតឲ្យដឹកជញ្ជូន និងគ្រឿងក្នុងជ្រូកខូចគុណភាព។

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លោក ស៊ីម ថាវរៈ បានឲ្យដឹងថា នៅថ្ងៃកើតហេតុមន្រ្តីការិយាល័យទឹកសុទ្ធពេទ្យនៃមន្ទីរកសិកម្ម បានចុះត្រួតពិនិត្យចលនាសត្វ ផលិតផលមានដំណើតពីសត្វ ដោយបានពិនិត្យក្នុងដែនសមត្ថកិច្ច និងបានឃាត់ចាប់រថយន្តចំនួន១គ្រឿង ម៉ាក SIENA ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AA-5077 បានដឹកគ្រឿងក្នុងជ្រូកចំនួន ១០កេស មានទម្ងន់សរុប៤៥០គីឡូក្រាម តាមកំណាត់ផ្លូវជាតិលេខ៦ ចំណុចថ្នល់កែង ភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ពុំមានលិខិតអនុញ្ញាតដឹកជញ្ជូន និងផលិតផលមានដើមកំណើតពីសត្វ។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ផ្អែកតាមការត្រួតពិនិត្យជាក់ស្ដែងរបស់ក្រុមការងារទប់ស្កាត់បទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វឃើញថា គ្រឿងក្នុងជ្រូកចំនួន១០កេសមានទម្ងន់សរុប៤៥០គីឡូក្រាម បានខូចគុណភាពហើយមន្រ្តីជំនាញការិយាល័យផលិតកម្មនិងផលិតកម្មព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានធ្វើពិធីដុតកំទេចចោលនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីមានការឯកភាពពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។