ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)

(ភ្នំពេញ) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:៣០ រសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំនៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ FAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិថ្មីនេះ។

ជាកិច្ចចាប់ផ្តើម លោក Jongjin Kim ជំនួយការអគ្គនាយកអង្គការ FAO ទទួលបន្ទុកអស៊ី និងប៉ាស៊ីហ្វិក បានធ្វើកិច្ចស្វាគមន៍ចំពោះសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងជាពិសេសចំពោះឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលបានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតីក្នុងការចូលរួមសហការពេញលេញអនុវត្តគម្រោងដែលជាជំនួយឧបត្ថម្ភរបស់អង្គការ FAO ផ្ទាល់ និងសហហិរញ្ញប្បទានជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ ជាក់ស្តែងកន្លងមកកម្ពុជាទទួលបាន ៤៤គម្រោង កំពុងអនុវត្តន៍ ក្នុងតម្លៃទឹកប្រាក់ប្រមាណជាជាង ៤៥លានដុល្លារ ហើយមានគម្រោង ៦ទៀត កំពុងរង់ចាំអនុវត្តក្នុងរង្វង់ថវិកាជាង ៦៨លានដុល្លារ។ ដោយឡែក កន្លងមកមានគម្រោងចំនួន ១៥ ដោយចំណាយថវិកាអស់ចំនួនជាង ៧លានដុល្លារ ត្រូវបានបញ្ចប់។ លោក Kim សង្ឃឹមថា FAO នឹងមានគម្រោងថ្មីៗបន្ថែមទៀតសម្រាប់កម្ពុជា ហើយលោកជឿជាក់ថាក្រោមកិច្ចសហការយ៉ាងល្អប្រសើររបស់ឯកឧត្តមរដ្ឋមន្រ្តី FAOនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតដែលវានឹងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ លោក Kim បានជម្រាបជូនអង្គប្រជុំថាកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យធ្វើការជ្រើសរើសនាយកអង្គការ FAO ប្រចាំព្រះរាជាណាចក្រកម្ពុជាថ្មី បន្ទាប់ពីលោក Alexandre Huynh ត្រូវបានបញ្ចប់អាណត្តិ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានជួយ ឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាមរយ:គម្រោងនានាក្នុងគោលបំណងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថាគម្រោងគាំទ្រដល់ការអភិវឌ្ឍអនុវិស័យកសិកម្មមួយចំនួនបានទទួលការឧបត្ថម្ភ និងគាំទ្រដោយអង្គការ FAO កំពុងផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោងទាំងនោះបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុង និងក្រោយបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី តាមរយ:កិច្ចប្រជុំនេះបានស្នើសុំឲ្យអង្គការ FAO ពិនិត្យលទ្ធភាពជួយឧបត្ថម្ភ គាំទ្រគម្រោងថ្មីៗបន្ថែមទៀតសម្រាប់អាណត្តីថ្មីនេះ ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនកំពុងជួបប្រទះ ធ្វើយ៉ាងណាដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាព ឬតម្រង់ទិសលើការអុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ដោយត្រូវបន្តជំរុញ និងគាំទ្រយ៉ាងពេញលេញការធ្វើទំនើបកម្មកសិកម្ម ការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសទំនើប ការលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម ការកសាងហេដ្ថារចនាសម្ព័ន្ធគាំទ្រលើការកែច្នៃកសិផល ការវេចខ្ចប់ ធានាបានគុណភាព សុវត្ថិភាព និងស្តង់ដារ ជាពិសេសលើកកម្ពស់ការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារការនាំចេញ។

ដោយឡែក ចំពោះនាយកអង្គការថ្មីលោកស្រីជាជនជាតិអូស្រ្តាលី ដែលនឹងមកបំពេញបេសកកម្មនៅកម្ពុជាសម្រាប់រយ:ពេល ៥ឆ្នាំ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ ដោយសារលោកស្រីមាន បទពិសោធន៍ខ្ពស់ជាអ្នកដឹកនាំ និងគ្រប់គ្រង ដែលលោកស្រីទទួលបានពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយប្រាកដណាស់ថាលោកស្រីនឹងជួយពង្រឹង និងពង្រីកកិច្ចសហការឲ្យកាន់ តែរឹងមាំរវាងភាគីទាំងពីរ នឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងដែលជាជំនួយរបស់អង្គការ FOA សម្រេចទទួលបានលទ្ធផលល្អប្រសើរទុកជាប្រយោជន៍ដល់ប្រជាកសិករកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។