ព័ត៌មានជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ

(ខេត្តកំពង់ធំ) ៖ រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែល ប្រព្រឹត្តទៅស្របជាមួយទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរង្វង់មូលវិមានឯករាជ្យ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានអានជីវប្រវត្តិនៃការតស៊ូក្នុងការដណ្ដើមឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិៈដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្រ្តនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា កោះសន្តិភាពនាអាសុីអាគ្នេយ៍។ ហើយកូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាននៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នៅគ្រប់កាលៈទេសៈ។

ឯកឧត្តមបន្តទៀតថា ដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផលរបស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយដោយគ្មានការកើតឡើងជាថ្មីទៀតនូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាលឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។