ព័ត៌មានជាតិ

ឯកឧត្តម វង្ស ពិសេន ប្រគេនទេយ្យវត្ថុ និងបច្ច័យ សម្រាប់ពិធីបុណ្យកាន់បិណ្ឌចំពោះព្រះសង្ឃគង់នៅវត្តចំនួន ៦ ក្នុងឃុំរាប ស្រុកពារាំង

(ព្រៃវែង)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកពារាំង និងសហការី នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ចំពោះព្រះសង្ឃដែលគង់នៅវត្តចំនួន ៦ ស្ថិតនៅក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង សម្រាប់ពិធីបុណ្យកាន់បិណ្ឌ។

ទេយ្យវត្ថុ និងបច្ច័យដែលត្រូវបាននាំយកទៅប្រគេនចំពោះព្រះសង្ឃចំនួន ៦វត្តនាឱកាសនោះ ក្នុងមួយវត្ត ឯកឧត្តម បានប្រគេននូវ ស្លាដក់ ១កញ្ចប់, ទឹកសុីអុីវ ៥យួរ, ទឹកត្រី ៥យួរ, មីជាតិ ១០កេសតូច, ត្រីខកំប៉ុង ៥កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, អង្ករ ២០០គីឡូ, បច្ច័យជូនលោកអាចារ្យ និងគណៈកម្មការវត្ត ១២នាក់ ក្នុង០១នាក់ ១០០.០០០រៀល, បច្ច័យជូនលោកអាចារ្យវត្តចុងក្រូច ៥នាក់ ក្នុង០១នាក់ ៥០.០០០រៀល, ចតុបច្ច័យប្រគេនព្រះសង្ឃ៦អង្គ ក្នុង១អង្គ ៥០០.០០០រៀល, បច្ច័យកសាងវត្ត ក្នុង១វត្ត៤.០០០.០០០រៀល សរុបថវិកា ៤០.៣២៧.០០០រៀល។ ជាមួយសទ្ធាជ្រះថ្លាក្នុងការប្រគេនទេយ្យទានទាំងឡាយនេះ ឯកឧត្តម វង្ស ពិសេន និងសហការី បានឧទ្ទិស​កុសលផល​បុណ្យ ជូនដល់​បុព្វការី​ជន មាន​មាតាបិតា ជីដូន​ជីតា ញា​តិការ​ទាំង ៧​សណ្ដានដែលបានចែកឋានទៅលោកខាងមុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដីសូម​បាន​សោយសុខក្នុងឋាន​សុគតិភព។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមទទួលបានសុភមង្គល ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម វង្ស ពិសេន បានគូសបញ្ជាក់ថា ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កើតចេញពីកត្តាសំខាន់៣៖
– ការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
– មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋមានការចូលរួមគោរព អនុវត្តវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល
– មានការជួយគាំទ្រពីបណ្តាប្រទេសជាមិត្តក្នុងការផ្ដល់វ៉ាក់សាំងកូវីដ-១៩។

ជាមួយនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នា និងបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់សុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ, ទេសចរណ៍ និងសេដ្ឋកិច្ចជាតិយើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។