ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិមានសញ្ជាតិខ្មែរតែមួយគត់

(កំពង់ចាម)រដ្ឋបាលខេត្តកំពង់ចាម ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។

គំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះគឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង៤របស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិនិងមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុង នៃការដឹកនាំជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ លោកបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។