ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញអនុសាសន៍ ៧ ចំណុច ដើម្បីធានាភាពជោគជ័យលើការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

តាមរយៈសារលិខិត សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារអន្តរវិស័យ និងមានលក្ខណៈប្រទាក់ក្រឡាដែលតម្រូវឱ្យមានការចូលរួមពីប្រជាជនយើងម្នាក់ៗ គ្រួសារ សហគមន៍ ក្រសួង សា្ថប័ន ផ្នែកឯកជន – សង្គមស៊ីវិល សំដៅកាត់បន្ថយហានិភ័យដែលមានស្រាប់ត្រៀមបង្ការហានិភ័យថ្មី ដើម្បី បញ្ចៀសគ្រោះមហន្តរាយ។

ស្របគ្នានៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា និងដើម្បីធានានូវភាពជោគជ័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវលើ ៧ ចំណុច ៖

១- ទោះបីជាបងប្អូនជនរួមជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក៏ដោយក៏ត្រូវបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមមេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាតាមការណែនាំ និងតាមទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតភាពស៊ាំជៀសផុតពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកាចសាហាវនេះ។

២- ត្រូវប្រកាន់ខ្ជាប់ជារៀងរហូតនូវវប្បធម៌ចែករំលែកដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការឱ្យកាន់តែរឹងមាំថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយរំលែកទុក្ខលំបាកប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេស។

៣- បន្តពង្រឹងស្មារតីសាមគ្គីភាពនិងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

៤- ត្រូវបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ប្រកបដោយស្មារតីភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់នូវរបៀបរបបរស់នៅស្អាត ថែរក្សាសុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅដ្ឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីការរស់នៅប្រកបដោយផាសុខភាព និងសុខុមាលភាព ជៀសផុតពីគ្រោះមហន្តរាយផ្សេងៗ។

៥- ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតបទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។

៦- វិស័យឯកជន ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល បន្តចូលរួមសហប្រតិបត្តិការ កៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ។

៧- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្ដាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មានរបស់រដ្ឋនិងឯកជនសូម ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករណ៍អាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញា គ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈពីវិធានការ ដើម្បីបញ្ចៀសគ្រោះមហន្តរាយជូនដល់ សាធារណៈជនជ្រាបទាន់ពេលវេលានិងឆាប់រហ័ស៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។