ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ស្នើឱ្យដៃគូរអភិវឌ្ឍរមណីយដ្ឋាន “ទឹកឆា” កែលម្អតំបន់នេះឱ្យមានលក្ខណៈស្តង់ដារ!

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងវិនិយោគ រមណីយដ្ឋានទេសចណ៍”ទឹកឆា” ដែលមានលោក ហេង សេងហ៊ួរ ជាដៃគូអភិវឌ្ឍ ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកនាយករដ្ឋបាល លោកអភិបាលស្រុកព្រៃឈរ ស្រុកចំការលើ លោកប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកំពង់ចាម ។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពិនិត្យផ្ទៀងផ្ទាត់ទៅតាមកិច្ចសន្យាដែលដៃគូអភិវឌ្ឍត្រូវទទួលអនុវត្តឱ្យស្របទៅតាមបទដ្ឋានច្បាប់ និងកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងរួចមក ក៏ដូចជាសំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះកាន់តែមានសោភ័ណភាព និងផាសុខភាព គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍មកលេងកំសាន្ត ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ដៃគូអភិវឌ្ឍឱ្យធ្វើការកែសម្រួលនូវសោភ័ណភាព បរិស្ថាន សួនច្បារ ការរៀបចំខ្ចុះ ការស្តារទំនប់ឡើងវិញ ការការពារតំបន់រមណីយដ្ឋាន ការរៀបចំបញ្ជោរ និងការកំណត់តម្លៃឱ្យបានជាក់លាក់ រួមនិងការរៀបចំចំណតរថយន្តឱ្យបានត្រឹមត្រូវជាដើម ។ល។

គួរបញ្ជាក់ថា រមណីយដ្ឋាន “ទឹកឆា” គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ គួរជាទីទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ។ រមណីដ្ឋានទេសចណ៍ “ទឹកឆា” មានផ្ទៃក្រឡាប្រមាណជាង ៧១ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕ ចៅ វង្ស

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។