ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ករណីបើកផ្លូវធ្លឆា ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

(កំពង់ចាម) នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ករណីបើកផ្លូវធ្លឆា ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាទំនាស់រាំរៃយូរមកហើយ គឺក្នុងគោលបំណង ដើម្បីរក្សាការពារផ្លូវធ្លានេះជាប្រយោជន៍រួម សម្រាប់ប្រើប្រាស់ជាសាធារណៈ និងគោលបំណងមួយទៀត ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ប្រសិនបើទំនាស់នៅតែមាន នោះជំនាញសុរិយោដីមិនអាចធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធក្នុងការផ្តល់កម្មសិទ្ធិដីធ្លីជូនបានឡើយ ។

ដំណោះស្រាយនាពេលនេះ គឺទទួលបានលទ្ធផលសុក្រិត យុត្តិធម៌ ស្មោះត្រង់ ស្របតាមគោលការណ៍ឈ្នះ ឈ្នះ របស់សម្តេចតេជោ ក្រោមកិច្ចសម្របសម្រួល និងដោះស្រាយ ប្រកបដោយភាពប៉ិនប្រសប់ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ធ្វើឲ្យភាគីទំនាស់ទំាងសងខាង យល់ព្រមទទួលយកដោយសាទរ និងសន្យាបញ្ឈប់គុំនំ គុំគួន ចង់ចាញ់ឈ្នះគ្នាតទៅទៀត ក្នុងនាមបងប្អូន ជាសាច់ញាតិ ជាអ្នកភូមិផងរបងជាមួយគ្នា និងខិតខំប្រកបរបររកស៊ីទទួលទាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ ឱ្យបានថ្កុំថ្កើង ប្រកបដោយភាពថ្លៃថ្នូរ ។

កិច្ចបញ្ចប់ ភាគីទាំងពីរបានលើកដៃដឹងគុណដោយក្តីអំណរ និងថ្លែងចេញនូវសំដីពីបេះដូងរបស់ពួកគាត់ថា: យើងខ្ញុំបានជួបឯកឧត្តមអភិបាលខេត្ត ពិតជាកំពូលអ្នកដោះស្រាយ ជាថ្នាក់ដឹកនាំដែលឈរលើភាពសុក្រិត យុត្តិធម៌ និងដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ ។ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។