ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខនាំអំណោយសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនដល់ក្មួយប្រុស គង់ សីហា

(សៀមរាប) :ដោយមើលឃើញពីទុក្ខលំបាករបស់កុមារាក្រីក្រក្នុងស្រុកបន្ទាយស្រីម្នាក់ ឈ្មោះ គង់ សីហា អាយុ ០៧ឆ្នាំ មាន ឪពុកឈ្មោះ ជាំង គង់ ម្តាយឈ្មោះ ថ្លាង ធី ស្ថិតនៅក្នុងភូមិខ្មាតពង់ ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានដឹកនាំប្រតិភូខេត្ត នាំយកនូវថវិកា ចំនួន២០លាន រៀល និង ផ្ទះ១ខ្នង និង១ខ្នងទៀតជូនដល់គ្រួសារក្រីក្រ ត្រូវជាប្អូនស្រីរបស់ម្តាយក្មួយ គង់ សីហា និង ឯកឧត្តមអភិបាល ខេត្ត បានឧបត្ថម្ភនូវ ទូរស័ព្ទដៃ អាយហ្វូន ១គ្រឿង និង គ្រឿងឧបភោគបរិភោគមួយចំនួនធំ ព្រមទាំងម៉ាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ិនសែន។

ឯកឧត្តម ទៀ សីហា ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារក្មួយប្រុស គង់ សីហា ដោយបានបញ្ជាក់ ចំពោះថវិការបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានប្រគល់ជូនគ្រួសារក្មួយប្រុស គង់ សីហា នេះ បន្ទាប់ពីឃើញនូវរូបភាពរបស់ក្មួយប្រុស គង់ សីហា ដែលទៅសាលារៀនគ្មានស្បែកជើងពាក់ និង ប័ណ្ណចាក់វ៉ាក់សាំង បានច្រកចូលក្នុងថង់ប្លាស្ទិកពាក់ជាប់នឹងក ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់អង្គការមួយ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានចាត់តាំងឲ្យឯកឧត្តម នាំយកជំនួយថវិកាចំនួន២០លានរៀន ដែលថវិកានេះ សម្រាប់ដោះស្រាយជីវភាពនិង ផ្គត់ផ្គង់ដល់ការសិក្សារៀនសូត្ររបស់កុមារា គង់ សីហា ។

ឯកឧត្តមបានបន្តទៀតថា ក្រៅពីថវិកា សម្តេចតេជោ ក៏ បានចាត់តាំងឲ្យសាងសង់ផ្ទះមួយខ្នងសមរម្យជូនដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ លើសពីនោះ ជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និង សប្បុរសជននានា ឯកឧត្តម ទៀ សីហា ក៏បានជំរុញឲ្យរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីជួយស្វះស្វែងរកមុខរបរណាមួយសម្រាប់ឪពុកម្តាយរបស់កុមារា គង់ សីហា ដើម្បីបានចិញ្ចឹមជីវិត និង បានផ្គង់ដល់កូនឲ្យរៀនបន្តទៀត ។

ក្នុងនោះដែរប្អូនប្រុស ជាំង គង់ ត្រូវជាឪពុកក្មួយប្រុស គង់ សីហា ក៏បានថ្លែងអំណរគុណដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ ក៏ដូចឯកឧត្តមអភិបាលខេត្ត ដែលបានផ្តល់ថវិកា និង សាងសង់លំនៅដ្ឋានជូនដល់ក្រុមគ្រួសារខ្លួន និង ប្អូនស្រី ព្រមទាំងបានតាំងចិត្តក្នុងការជំរុញកូនៗរបស់ខ្លួន ឲ្យចូលសិក្សារៀនសូត្ររហូតដល់ចប់កម្រិតសិក្សា កុំឲ្យដូចខ្លួនដែលមិនចេះអក្សរ នេះមកពីភាពក្រីក្ររបស់គ្រួសារទាំងពីរ មិនបានចូលសិក្សាគិតតែប្រឹងធ្វើស្រែចំការ ផ្គត់ផ្គង់ក្រុមគ្រួសារតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កន្លងមកជាមួយនឹងរូបភាពដ៏កម្សត់នេះ សប្បុរសជននានា ក៏បានផ្តល់ជូននូវជំនួយឧបត្ថម្ភជាបន្ត បន្ទាប់ដល់ក្រុមគ្រួសារកុមារា គង់ សីហា ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។