ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ជួបសម្ដែងការគួរសម និងពិភាក្សាការងារតាមប្រព័ន្ធZoom

(ភ្នំពេញ) នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ជួបសម្ដែងការគួរសម និងពិភាក្សាការងារតាមប្រព័ន្ធZoom។

ក្នុងជំនួបនោះលោកជំទាវអគ្គលេខាធិការរងអង្គការរងអង្គការសហប្រជាជាតិបានជម្រាបជូនសម្ដេចក្រឡាហោមអំពីការរៀបចំកិច្ចប្រជុំតុមូលលើកទី២ ថ្នាក់រដ្ឋមន្ត្រីស្ដីពីការងារការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងការគោរពអញ្ជើញសម្ដេចក្រឡាហោមក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំលើកទី២ដែលលោកស្រីបានជម្រាបជូននេះ។

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណជូនលោកជំទាវ អគ្គលេខាធិការរងដែលបានជម្រាបជូនអំពីកម្មវិធីខាងលើ ហើយជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានសម្ដែងការអបអរសាទរកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្ថិតិអត្រានុកូលដ្ឋានដែលរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងនោះសម្ដេចក៏បានថ្លែងគាំទ្រឱ្យមានជាវេទិកាកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីនេះ។

សម្ដេចក៏បានជម្រាបជូនលោកជំទាវអំពីបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋានរបស់កម្ពុជា ដោយសម្ដេចបានជម្រាបជូនថាកម្ពុជាបាននិងកំពុងតែខិតខំយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងសកម្ម ហើយកម្ពុជាក៏មានផែនការយុទ្ធសាស្ត្ររបស់ខ្លួន ២០១៧-២០២៦ ដែលផែនការនេះ កំពុងអនុវត្តរហូតដល់បច្ចុប្បន្ន។

សម្ដេចបន្តថាទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់រៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗមួយចំនួនជាច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្មជាដើម ដែលក្នុងគោលដៅជាសំខាន់គឺខិតខំធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅមួយគឺមនុស្សម្នាក់មានអត្តសញ្ញាណមួយ។

សម្ដេចក៏បានចាត់ទុកថាកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២ខាងមុខនេះ ក៏ជាឱកាសមួយក្នុងការបង្កើតភាពដៃគូថ្មីមួយទៀតដើម្បីរួមចំណែកដល់កិច្ចការរបស់កម្ពុជាក្នុងវឌ្ឍនភាពនៃការងារអត្រានុកូលដ្ឋានដែលកម្ពុជាកំពុងតែអនុវត្តពេលនេះ។

លោកជំទាវអគ្គលេខាធិការរងក៏បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះកម្ពុជាដែលបានបង្កើតនូវផែនការជាតិរយៈពេល១០ឆ្នាំ ២០១៧-២០២៦ ហើយទន្ទឹមគ្នានេះមកដល់ពេលនេះមានរយៈពេល៤ឆ្នាំមកហើយ និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់មួយចំនួនដែលសម្ដេចបានជម្រាបជូនក្នុងគោលដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋម្នាក់មានអត្តសញ្ញាណតែមួយ។

លោកជំទាវក៏បានជម្រាបជូនដែរថាគោលបំណងនៃការរៀបចំនូវសន្និសីតកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី២នេះក៏ជាគោលបំណងមួយក្នុងការជំរុញប្រទេសនានាដែលចូលរួមនោះបង្ហាញពីបទពិសោធន៍ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពាក់ព័ន្ធទៅនឹងការងារអត្រានុកូលដ្ឋាននេះផងដែរ។

ចំពោះកិច្ចប្រជុំនេះដែរ លោកជំទាវបានជម្រាបជូនសម្ដេចបន្តថាលោកជំទាវសូមគោរពអញ្ជើញសម្ដេចចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងនូវសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពការងារដែលកម្ពុជាសម្រេចបានលើការងារអត្រានុកូលដ្ឋាន ស្តិតិអត្រានុកូលដ្ឋាននេះ ដែលកិច្ចការនេះមានសារៈសំខាន់ និងពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវគោលដៅទី១៦នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ជាការឆ្លើយតបការអញ្ជើញនេះ សម្ដេចសូមថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរៀបចំកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីនេះ ហើយសម្ដេចនឹងអញ្ជើញចូលរួមតាមការអញ្ជើញ និងបានបញ្ជាក់ទៀតថាកិច្ចប្រជុំនេះ ក៏ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការធ្វើសេចក្ដីថ្លែងការណ៍ដើម្បីចែករំលែកបទពិសោធន៍ខ្លះៗដែលកម្ពុជាសម្រេចបានក្នុងពេលកន្លងមក។

សម្ដេចក៏បានជម្រាបជូនលោកជំទាវដែរថា ផ្អែកលើប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ដែលកិច្ចការអត្រានុកូលដ្ឋាននេះត្រូវបានកំទិចចោលស្ទើរតែទាំងស្រុងនៅក្នុងអំឡុងទស្សវត្សឆ្នាំ១៩៧០ ហើយមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើកិច្ចការនេះ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ច្រើនតាមយុទ្ធសាស្ត្រដែលបានដាក់ចេញកន្លងមក ដើម្បីបំរើកិច្ចការប្រកបជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គម។

សម្ដេចបានថាមិនតែប៉ុណ្ណោះ វឌ្ឍនភាពការងារអត្រានុកូលដ្ឋាននេះក៏បានបំរើទៅដល់ការងារចុះឈ្មោះបោះឆ្នោត និងការងារផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋផងដែរ។

លោកជំទាវបានថ្លែងអំណរគុណជូនសម្ដចចំពោះព័ត៌មានអំពីវឌ្ឍនៈភាពនៃការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានរបស់កម្ពុជា និងបានបន្តថាអង្គការសហប្រជាជាតិនៅតែបន្តជួយគាំទ្រដល់កម្ពុជាលើការងារនេះជាបន្តទៀត។

សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណលោកជំទាវចំពោះការប្ដេជ្ញាចិត្តជួយកម្ពុជាលើការងារនេះ។ សម្ដេចក៏បានជូនពរលោកជំទាវឱ្យទទួលបានជោគជ័យក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។