ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ផ្ញើរសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តមកិត្តិកោសលបណ្ដោយ ងួន ញុិល អនុប្រធានទី១ នៃរដ្ធសភា

(ព្រៃវែង) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល មានសេចក្តីរន្ធត់តក់ស្លុត និងក្រៀមក្រំជាទីបំផុត នៅពេលទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។

យើងឯកឧត្តមអភិបាលខេត្ត មានការសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់រូប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលជាឥស្សរជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព គុណធម៌ និងប្រកបដោយវីរភាពដ៍អង់អាចក្លាហានក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

មរណភាពរបស់ឯកឧត្តម ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប របស់រដ្ឋសភា ក៏ដូចជាប្រទេសជាតិទាំងមូល និងជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជីតាទួត ដែលជាទីគោរពស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ខ្ពង់ខ្ពស់មួយរូប ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើប្រទេសជាតិ ប្រជាពលរដ្ឋ មិនខ្លាចនឿយហត់ឡើយ។

យើងឯកឧត្តម ជា សុមេធី សូមបួងសួង សូមឱ្យវិញ្ញាណក្ខ័ន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានយោនយោគទៅកាន់ទីស្ថានបរមសុខកុំបី ឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។