(ខេត្តព្រៃវែង) ÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀតជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៥០០គ្រួសារ រៀបចំនៅសាលាខេត្តព្រៃវែង។
លោក សួន ម៉ាលីន អភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងគណៈអធិបតីថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។
លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។
អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការផ្ដល់ជូនពូជស្រូវ ពូជបន្លែ និងអំណោយមួយចំនួនទៀតនាពេលនេះ គឺជាដំណាក់កាលអាទិភាពដើម្បីផ្ដល់លទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋអាចចាប់ផ្ដើមបង្កបង្កើនផលឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនឹងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នាពេលកន្លងមក។
សម្ដេចបានមានប្រសាសន៍ថាបច្ចប្បន្ននេះ ខេត្តព្រៃវែងបានឈរជាខេត្តធ្វើស្រូវបានច្រើនជាងគេ គឺច្រើនជាងខេត្តបាត់ដំបងទៅទៀត អាស្រ័យដោយមានប្រព័ន្ធធារាស្រ្ត កសិករកាន់តែច្រើនបានងាកមកធ្វើស្រែដោយប្រើប្រាស់គ្រឿងចក្រ និងគួបផ្សុំតម្លៃកសិផលលក់បានក្នុងតម្លៃសមរម្យ។ សម្ដេចបានមានប្រសាសន៍ថាខេត្តព្រៃវែងធ្វើស្រែបានច្រើន ប៉ុន្តែមានកសិករធ្វើស្រែតិចជាងមុន គឺអាស្រ័យដោយការផ្លាស់ប្ដូរពីកសិកម្មបែបប្រពៃណី មកជាកសិកម្មបែបទំនើប។
នៅក្នុងឱកាសសំណេះសំណាលនោះដែរ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ជូនប្រជាពលរដ្ឋថា របៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រជាបន្តបន្ទាប់មកនេះ គឺការបែងចែកមន្រ្តីចុះទៅតាមមូលដ្ឋាន ដើម្បីតាមដានតម្រូវការ ក្ដីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ហើយរួមសហការគ្នាពីតាំងថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ដើម្បីមានវិធានការដោះស្រាយឱ្យបានឆាប់រហ័សបំផុត ដោយប្រកាន់ប្រពៃណីរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ១៩ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមថារដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបន្តបង្កើនការប្រុងប្រយ័ត្ន និងអនុត្តវិធានការនានារបស់ក្រសួងសុខាភិបាល។ សម្ដេចក៏អំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមអប់រំកូនចៅ សមាជិកគ្រួសារ ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ករណីគ្រឿងញៀនទៅសមត្ថកិច្ច ហើយអាជ្ញាធរ និងសមត្ថកិច្ចក៏ត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សម្ដេចក្រឡាហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរគ្រប់លំបាប់ថ្នាក់ដែលបានរួមសាហការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេល និងបានអំពាវនាវប្រជាពលរដ្ឋខិតខំកសាងជីវភាពគ្រួសារឱ្យបានប្រសើរ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម និងប្រទេសជាតិ។
សូមបញ្ជាក់ថា អំណោយដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ នាឱកាសនោះ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន ព្រមទាំងឃីតមួយកញ្ចប់ មានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួនទៀតដែរ៕ដោយលោក ជុំ ចន