ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល

(ភ្នំពេញ) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព។ រមណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លំាងបំផុតនោះទេ តែជាការបាត់បង់នូវ ធនាធានមនុស្សដ៏គម្រូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លំាងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំក្លាចនឿយហត់ជារៀងរហូតមក។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទទួលមរណភាព នៅថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។