ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា

 

(ភ្នំពេញ)  ព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តមប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានសម្តែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។

ឯកឧត្តមប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងគណៈប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញ៉ិល សូមឆាប់បានយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។