ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកបកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងបំពាន

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុំអ្នកនិយាយកុំនិយាយខុសច្បាប់ដោយចោទប្រកាន់ថារាជរដ្ឋាភិបាលមិនបានធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលការនិយាយដូចនេះអាចនឹងរងការចោទប្រកាន់និងចាប់ដាក់ពន្ធនាគារនៅថ្ងៃណាមួយមិនខាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានបង្កើតរាជរដ្ឋាភិបាលអាណត្តិទី១មក និងមានរដ្ឋធម្មនុញ្ញមក ភារកិច្ចរបស់អ៊ុនតាក់ និងអង្គការសហប្រជាជាតិ ក៏ត្រូវបានបញ្ចប់អស់ហើយ ពុំត្រូវការហៅពួកគាត់ត្រឡប់មកវិញនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកដែលបានចោទប្រកាន់មកលើស្ថាប័នរដ្ឋសភាថាអនុវត្តខុសច្បាប់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញនោះ ក៏ជាអំពើខុសច្បាប់ផងដែរ ដែលគេអាចទៅចាប់ឃាត់ខ្លួនគ្រប់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា បើអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ពុំចាំបាច់ត្រូវមានតុលាការអន្តរជាតិកាត់ទោសពួកខ្មែរក្រហមដែរ ព្រោះចំណុចនេះមិនបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។