ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានបង្ហាញអំពីការ បច្ចេកវិទ្យាថាមពលកកើតឡើងវិញសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ថាមពលកកើតឡើងវិញ គឺជាថាមពលទាំងឡាយណាដែលទាញយកបានពីធម្មជាតិអាចកកើតឡើងវិញជាប្រចាំដូចជា៖ ថាមពលបានពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដី។ល។ នៅកម្ពុជាយើង ថាមពលពន្លឺព្រះ អាទិត្យមានសក្កានុពល និងសមស្របបំផុតដែលអាចប្រើប្រាស់បានដោយចីរភាព និងប្រកប ដោយសុវត្ថិភាពតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្របក្នុងការស្រូបយកថាមពលពីពន្លឺព្រះ អាទិត្យដើម្បីផលិតអគ្គិសនីបម្រើក្នុងផលិតកម្មកសិកម្មតាមរយៈឧបករណ៍មួយចំនួនដូចជាផ្ទាំងសូឡា ឧបករណ៍គ្រប់គ្រង និងត្រួតពិនិត្យអគ្គិសនី និងអាគុយសម្រាប់ផ្ទុកអគ្គិសនីជាដើម។

ក្រោមក្របខ័ណ្ឌថវិកាហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) និងដោយ មានកិច្ចសហការល្អជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា បច្ចុប្បន្ននេះការផ្សព្វផ្សាយបច្ចេកវិទ្យាស្តីពីការប្រើថាមពលព្រះអាទិត្យ (Solar Technologies) ក្នុងវិស័យកសិកម្ម និង វិស័យផ្សេងៗទៀត មានលក្ខណទូលាយនៅទូទាំងប្រទេស ហើយបាននិងកំពុងចាប់អារម្មណ៍យកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ដោយយល់ច្បាស់ពីតម្រូវការនេះ នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សូមលើកមកបង្ហាញជូននូវឧបករណ៍កសិកម្មប្រើថាមពលព្រះអាទិត្យមួយចំនួនដែលមានសក្ដានុពលធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ មានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយថ្លៃដើមក្នុងការផលិត និងកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស និងជាពិសេសចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ និងធ្យូងថ្ម ដែលគ្មាននិរន្តរភាព និងសុវត្ថិភាព។ ឧបករណ៍ទាំងនោះរួមមាន៖

១. ម៉ូទ័របូមទឹកប្រើថាមពលព្រះអាទិត្យ (Solar Water Pump) សម្រាប់ស្រោចស្រពដំណាំជាលក្ខណ:គ្រួសារ។ ម៉ូទ័រនេះផ្តល់ផលប្រយោជន៍ដូចខាងក្រោម៖
– ដំឡើងផ្ទាំងសូឡាទៅតាមកម្លាំងម៉ាស៊ីនបូមទឹកចាប់ពី ២-៥ ម៣/ម៉ោង
– អាចប្រើប្រាស់បូមទឹកពីស្រះ អណ្តូង ឬប្រភពទឹកធម្មជាតិក្នុងជម្រៅចាប់ពី ១៥-២០ម៉ែត្រ
– ទាញយកថាមពលព្រះអាទិត្យនៅពេលថ្ងៃសម្រាប់បូមទឹក
– មានអាយុកាលប្រើប្រាស់ចាប់ពី ១០-១៥ ឆ្នាំ និងកាត់បន្ថយការចំណាយជួសជុល និងថែទាំ
– មិនចំណាយថវិកាជាប្រចាំថ្ងៃ និងកាត់បន្ថយកម្លាំងពលកម្ម។

២. ទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ (Solar Egg Incubator) មានដូចខាងក្រោម៖
– ប្រើប្រាស់ថាមពលព្រះអាទិត្យភ្ជាប់ជាមួយផ្ទាំងសូឡា និងអាគុយសម្រាប់យកភ្លើងទៅបើកអំពូលកំដៅពងមាន់ក្នុងសីតុណ្ហភាពជាមធ្យម ៣៧,៥ អង្សារសេ និងសំណើម ៦៥%
– កាត់បន្ថយការចំណាយប្រតិបត្តិការ
– អាចបង្កើនការភ្ញាស់ចាប់ពី ៣០០-១០០០ពង ក្នុងរយ:ពេល២១ថ្ងៃតាមទំហំទូរភ្ញាស់។

៣. ទូហាលសម្ងួតប្រើថាមពលព្រះអាទិត្យ (Solar Dryer) សម្រាប់ហាលសម្ងួតត្រី សាច់ បន្លែ និងផ្លែឈើ ដែលអាចរក្សាគុណភាព និងអនាម័យ មានដូចខាងក្រោម៖
– ស្រូបយកកំដៅព្រះអាទិត្យសម្រាប់ហាលសម្ងួតចាប់ពី ៦០-៨០ អង្សាសេ និងបំពាក់ផ្ទាំងសូឡា សម្រាប់បង្វិលកង្ហារឱ្យមានខ្យល់ចេញចូលស្ងួតក្រៀមបានល្អ
– ប្រើប្រាស់ផ្លាស់ស្ទិចបិទជិត និងអាចផ្លាស់ប្តូរទីតាំងបាន
– មានអនាម័យល្អដោយមិនមានរុយ ឬសត្វល្អិតចូលបាន។

ដើម្បីរួមចំណែកកាត់បន្ថយចំណាយក្នុងផលិតកម្ម ការប្រែប្រួលអាកាសធាតុ និងការបំពុល បរិស្ថានដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងផលិតកម្មកសិកម្ម ក៏ដូចជាការកែច្នៃកសិផល គឺជាជម្រើសដ៏ប្រសើរបំផុត។ ប្រទេសទាំងអស់លើពិភពលោកបានចាត់ទុកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ គឺជាថាមពល បៃតង ឬថាមពលស្អាតដែលត្រូវលើកកម្ពស់ទាំងអស់គ្នា។ ជាទិសដៅបន្ត នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងសហការជាមួយវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថាមពលកកើតឡើងវិញឱ្យមានភាពទូលំ ទូលាយដើម្បីផ្តល់អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ លោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម ដែលមានលេខទូរស័ព្ទ០១២ ៩១២ ០៣៧។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។