ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ

(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារជាច្រើនរូបទៀត។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីមានទីតាំងនៅអគារចាស់ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្នែកខាងមុខនៃផ្ទៃអគារបែរទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម និងបែរចំទន្លេចតុមុខ។ ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ១០៥,៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ៤៣,៥ម៉ែត្រ។

អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្មអគារនេះជាប្រភេទស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក៥ លំនាំតាមប្រសាទអង្គរ និងបានគិតគូយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល។

អគារទីស្ដីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្ដុំថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាពឋានៈស្មើចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងមហាផ្ទៃចំនួន៦ លេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានជំនាញចំនួន៤២។ អគារនេះអាចផ្ទុកមនុស្សបានរហូតដល់៨៥០០នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។